ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារវិស័យធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារ Korea Eximbank ដឹកនាំដោយលោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូធនាគារ Korea Eximbank លោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ក្រោមកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក៏ដូចជាជួបសម្តែងការគួរសមឯកឧត្តមក្នុងតួនាទីថ្មីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូ ដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារ Korea Eximbank ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ចំពោះធនាគារ Korea Eximbank ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសបានគាំទ្រយ៉ាងពេញទំហឹង ដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញឱ្យវិស័យអាទិភាពមួយនេះ កាន់តែមានការរីកចម្រើន។
សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោង ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារ Korea Eximbank ចំនួនបីគឺ៖ ទី១) គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបង កំពុងដំណើរការសាងសង់ សម្រេចបានប្រមាណ ៧០% ដែលរយៈពេល អនុវត្ត គម្រោង ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។ ទី២) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និង កាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ កំពុងដំណើរការ សាងសង់ សម្រេចបានប្រមាណ១៤,៦% ដែលរយៈពេលអនុវត្តគម្រោង ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។ និងទី៣) គម្រោងកាត់បន្ថយទឹកជំនន់ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង ។
ក្នុងជំនួបពិភាក្សានេះ លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាត ឱ្យលោកស្រី និងសហការីបានជួបសម្តែង ការគួរសម និងពិភាក្សា ការងារ ដើម្បីបន្តរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព ។
លោកស្រីនាយិកា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយម និងបានគូសបញ្ជាក់ ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា។
ជំនួបពិភាក្សាការងារបានបញ្ចប់ ក្រោមបរិយាកាសរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ៕