ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ វិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំដល់កម្លាំង ប៉ូលិសទាំងអស់ ពិសេសកងកម្លាំង នៃអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឲ្យដាក់កងកម្លាំង ដើម្បីរឹតបន្តឹងច្បាប់ ចរាចរផ្លូវគោកនោះទេ ។
ការណែនាំខាងលើនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញពន្យល់ថា ដើម្បីសម្រួលដល់សិស្សានុសិស្ស បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាន់ពេលវេលា ។
យោងតាមការណែនាំ របស់លោកកើត ឆែ អភិបាលរាជធានីភ្នំពេញស្តីទី ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃ៣ វិច្ជិកា បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ក្នុងការប្រឡង ឲ្យដំណើរការទទួលបានជោគជ័យ និងមិនមានភាពធ្លោះធ្លោយ ។
លោក កើត ឆែ ក៏បានធ្វើការណែនាំដល់អាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រឡងទាំងអស់ ធ្វើយ៉ាងណា កុំឲ្យមានភាពឆក់ល្វែងណាមួយកើតឡើង ។
បន្ថែមពីនេះលោកក៏បានណែនាំទៅឲ្យអាជ្ញាធរខណ្ឌត្រូវចុះពិនិត្យរដ្ឋបាល ចំពោះមណ្ឌលប្រឡងណា ដែលមានប្រជាពលរដ្ឋស្នាក់នៅ ជាមួយនិងការណែនាំទៅមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះ នៅពេលដែលបេក្ខជន មានបញ្ហាសុខភាព។
ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោកកើត ឆែ ក៏បានណែនាំមិនឲ្យយកប្រាក់ឡើយ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានារ៉ាប់រង ។
ក្នុងនោះ លោក កើត ឆែ បញ្ជាក់ថា “សំរាប់កម្លាំងប៉ូលិសទាំងអស់ ពិសេសកម្លាំងប៉ូលិសនៃអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ គឺមិនត្រូវដាក់កម្លាំង រឹតបន្តឹងច្បាប់ចរាចរផ្លូវគោកនោះទេ ដើម្បីសម្រួលដល់សិស្សានុសិស្សបានទៅប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ បានទាន់ពេលវេលា”៕