ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមបិទកិច្ចប្រជុំ រៀបចំផែនការសកម្មភាព សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងពិធីបិទ កិច្ចប្រជុំពិភាក្សារៀបចំផែនការ សកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រចាំឆ្នាំ២០២៤ និងការរៀបចំផែនការ យុទ្ធសាស្ត្រ និង ផែនការសកម្មភាពរយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៧) ។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សារៀបចំផែនការ រយៈពេល២ថ្ងៃ ដែលមានការចូលពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ថ្នាក់ដឹកនាំ លោក លោកស្រីប្រធានមន្ទីរធនធានទឹក និង ឧតុនិយមរាជធានី-ខេត្តទាំងអស់ បានប្រព្រឹត្តទៅដោយរលូន ក្នុងនោះក៏មានការឡើង ធ្វើបទបង្ហាញ របស់ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥ និងការឡើងបញ្ជាក់បន្ថែម របស់ថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុក សម្របសម្រួលការងារ តាមខេត្តគោលដៅ លើបញ្ហាប្រឈមផ្សេងៗទៀត ដែលបាន និងកំពុងកើតមានឡើង។

ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរ ចំពោះការចូលរួមយ៉ាងសកម្ម របស់លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក លោកអគ្គាធិការ ជាពិសេស លោក លោកស្រី ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្តទាំងអស់។

លោករដ្ឋមន្ត្រីបានបន្តថា ឆ្លងកាត់ការប្រជុំពិភាក្សារយៈពេលពីរថ្ងៃនេះ បានបង្ហាញឱ្យឃើញនូវស្មារតីទទួលខុសត្រូវ ខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរធនធានទឹក និង ឧតុនិយមទាំងអស់ ធ្វើឱ្យកិច្ចប្រជុំពិភាក្សា លើការរៀបចំផែនការសកម្មភាព សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រចាំឆ្នាំ២០២៤ និងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៧) បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៧) នេះ នឹងក្លាយទៅជាផែនទីចង្អុលផ្លូវយ៉ាងសំខាន់ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត ដើម្បីយកទៅអនុវត្ត ឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនថែមទៀត ឆ្លើយតបទៅនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមទាំងអស់ ត្រូវបំពេញ ភារកិច្ចដោយឈរលើមូលដ្ឋានច្បាប់ ឋាននុក្រម និងគោលការណ៍ជាសាកល ប្រកបដោយប្រសិទ្ធភាព និងមានសុខដុមនីយកម្ម ស្របតាមការចាត់តាំង ដោយស្មារតីទទួលខុស ត្រូវខ្ពស់ និងមាននវានុវត្តន៍ ដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាមួយនឹងការលើកទឹកចិត្ត និង ទំនាក់ទំនងល្អ ជាគ្រួសារ ធនធានទឹកតែមួយ និងអភិវឌ្ឍន៍ខ្លួនឱ្យស្របតាមសភាពការណ៍រីកចម្រើនក្នុងតំបន់ និងបរិបទសាកល ៕

To Top