ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផ្តល់ប្រយោជន៍សាធារណៈ និងសុខមាលភាពពលរដ្ឋ

ភ្នំពេញ ៖ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge, IPC) បានបន្តកិច្ចសហប្រតិបត្តិការ បានយ៉ាងល្អរលូន លើកិច្ចការចូលរួមបណ្តុះបណ្តាល ធនធានមនុស្ស កិច្ចការចែករំលែក ចំណេះដឹង បទពិសោធន៍ការងារជំនាញ ផ្នែកមន្ទីរពិសោធន៍ ផ្នែកស្រាវជ្រាវសំដៅ «ប្រយោជន៍សាធារណៈ និងសុខមាលភាពប្រជាពលរដ្ឋ»។

នេះជាការលើកឡើង របស់លោករដ្ឋមន្រ្តី ក្នុងជំនួបជាមួយមន្ត្រីថ្នាក់ដឹកនាំ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដឹកនាំដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

ជាមួយគ្នានេះ លោនសាស្ត្រាចារ្យរដ្ឋមន្ត្រី ជម្រាបជូនថា វិទ្យាស្ថានបានរួមចំណែកឆ្លើយតបប្រឆាំង ការឆ្លងរាតត្បាតនៃកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក៏ដូចក្នុងនាមជា មន្ទីរពិសោធន៍ទីមួយនៅកម្ពុជា ដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹង ទៅដល់ក្រុមការងារផ្សេងទៀត នៃវិស័យសុខាភិបាល ។

លោកថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយខាងវិទ្យាស្ថាន ដើម្បីឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ចំណែកលោកសាស្ត្រាចារ្យ Pr André SPIEGEL បានជម្រាបថា សកម្មភាពការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផ្តោតលើគោលដៅចំនួន ៤ គឺ ១) ការស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត ពិសេសផ្នែកជំងឺឆ្លង ២) ការគាំទ្រដល់ផ្នែកសុខភាពសាធារណៈក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ៣) សេវាផ្នែកសុខាភិបាល (មន្ទីរពិសោធន៍ និងចាក់ថ្នាំបង្ការ) និង ៤)ការអប់រំសុខភាព។

លោកនាយកប្រតិបត្តិ បានបន្ថែមទៀតថា ប្រធានបទវិទ្យាសាស្ត្រនានា របស់វិទ្យាស្ថាន ផ្តោតលើជំងឺឆ្លងនានា និងបញ្ហាសុខភាពសាធារណៈ ក្នុងប្រទេសកម្ពុជា ព្រមទាំងក្នុងតំបន់ ក្នុងនោះមានជំងឺឆ្លងដោយពួក arbovirus ដោយវីរុសផ្លូវដង្ហើម ជំងឺឆ្កែឆ្កួត HIV ជំងឺរលាកថ្លើមដោយវីរុស ជំងឺរបេង ជំងឺគ្រុនចាញ់ បញ្ហាភាពមេរោគស៊ាំ និងថ្នាំផ្សះ និងជំងឺឆ្លងពីសត្វមក មនុស្ស ៕

To Top