ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីធានាប្រសិទ្ធភាព លើការងារពង្រឹងស្ថាប័ន និងការពង្រឹងការគ្រប់គ្រងធនធនមនុស្ស របស់ក្រសួង។
អនុសាសន៍៥ចំណុចរួមមាន៖
+បន្ដអនុវត្តការចុះបញ្ជីវត្តមានមន្ត្រី និងបង្កើតប្រព័ន្ធវាយតម្លៃ ដើម្បីផ្ដល់ការលើកទឹកចិត្តតាមមធ្យោបាយនានា ដូចជាដំឡើងឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬរង្វាន់ផ្សេងៗ ដល់មន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
+ធ្វើបច្ចុប្បន្នភាព ភារកិច្ចរបស់អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង និងចាត់មន្រ្ដីឱ្យត្រូវតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព
+ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
+ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីជាប់កិច្ចសន្យាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការចាត់តាំងទៅតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព
+ស្នើសុំ ប្រធានគណៈកម្មការធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងអនុវត្តការងារដែលបានបែងចែកខាងលើឱ្យមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាអាទិភាពទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងប្រទេសកម្ពុជារីកចម្រើន ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ៕


