ព័ត៌មានជាតិ

ចម្លាក់តោថ្មចំនួន៦ ប្រហែលស្ថិតក្នុងសម័យ ក្រោយអង្គរ ត្រូវបានយកមកអភិរក្ស ជាសម្បត្តិវប្បធម៌ជាតិ

ភ្នំពេញ ៖ ចម្លាក់តោថ្មចំនួន៦ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ ត្រូវបានក្រុមគ្រួសារ​លោកអ៊ុំ ទិត ភុំ ជាប្រជាពលរដ្ឋ​ រស់នៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺបានប្រគល់ជូនអាជ្ញាធរនិងមន្ទីរជំនាញ ដើម្បីយកមកអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ចំពោះបដិមាតោថ្មទាំង៦នេះ បើតាមការវាយតម្លៃពីមន្រ្ដីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន២គឺ៖​​
ទី១.សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមក្លោងទ្វារចូល ផ្ទះ វត្ត ចេតិយ ដែលបន្សល់មកតិចតួច គឺជាចម្លាក់បដិមាតោយកតាមគម្រូនៃសិល្បៈសម័យមុនអង្គរ​។

ទី២.បដិមាតោថ្មទាំង៦នេះ ប្រហែលជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថ បាយ័ន? ប៉ុន្តែបើតាមស្ថានភាពនៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើនអាចជាស្នាដៃនៃសិល្បៈចម្លាក់បែបជនបទ ឬជាសិល្បៈចម្លាក់ដែលមានការវិវត្តជាបន្តពេលក្រោយៗមកទៀត ដែលយើងមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម…។

គួរបញ្ជាក់ផងដែរថាបដិមាតោថ្មទាំង៦នេះ ត្រូវបានលោក ទិត ភុំ និងក្រុមគ្រួសារ បានរក្សាទុកជាច្រើនឆ្នាំកន្លងមកហើយ។ ដោយសារតែលោកនិងក្រុមគ្រួសារ មានបំណងប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាបេតិកភណ្ឌវប្បធម៌ជាតិទើបនៅថ្ងៃសុក្រនេះ ក្រុមការងាររបស់មន្ទីរបានទៅធ្វើពិធី-ប្រគល់ទទួល ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តវិញ៕

To Top