ភ្នំពេញ៖ ក្រោយពីបានជាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ដាវ លឺដុឌ (Dave Leduc) ដែលគេស្គាល់ថា ស្ដេចប្រដាល់ភូមា បានផ្ដាំទៅប្រទេសលោកខាងលិច ត្រូវការស្វែងយល់បន្ថែមទៀត អំពីប្រទេសកម្ពុជា។
ការប្រកាសផ្ដាំទៅលោកខាងនេះ ធ្វើឡើងបន្ទាប់ពីរូបលោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសថ្នាក់ដឹកនាំ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
តាមរយៈសំណេរទាំងស្រុង នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ដាវ លឺដុឌ (Dave Leduc) បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នេះពិតជាកិត្តិយសដ៏ឧត្តុងឧត្តម និងទទួលបានឯកសិទ្ធិក្រៃលែងដែលត្រូវបានអញ្ជើញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមកកាន់វិមានសន្តិភាព។ សម្តេចមានការអប់រំដ៏ខ្ពង់ខ្ពស់ ហើយបាននិយាយជាមួយខ្ញុំជាភាសាកំណើតរបស់ខ្ញុំគឺ ភាសាបារាំង និងភាសាអង់គ្លេស។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
សម្តេចជាសុភាពបុរសមួយរូបដោយបានយកចិត្តទុកដាក់មែនទែនដល់ភរិយារបស់ខ្ញុំ Irina ត្រូវតែមានវត្តមាននៅក្នុងការថតរូបជាមួយគ្នា។ខ្ញុំមានអារម្មណ៍ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅព្រះរាជាណាចក្រកម្ពុជា។ គ្រប់គ្នាមានភាពរួសរាយរាក់ទាក់ និងមានចិត្តល្អ។ ខ្ញុំគិតថា លោកខាងលិចត្រូវការស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា។ ខ្ញុំស្រឡាញ់ប្រទេសនេះរួចទៅហើយ ហើយខ្ញុំឃើញសក្ដានុពលជាច្រើន ក្នុងការប្រើក្បាច់គុនដើម្បីពង្រីកវិស័យទេសចរណ៍។ ដូចដែលសម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំរបស់យើងថា សម្តេចគាំទ្រយ៉ាងពេញទំហឹង ចំពោះក្បាច់គុនបុរាណ ហើយកងទ័ពត្រូវបានស្នើឱ្យរៀនគុនខ្មែរ ដើម្បីឱ្យមានវិន័យ និងកម្លាំងរឹងមាំ។
ខ្ញុំគិតថា វាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ។ ខ្ញុំបានបង្ហាញថា ការប្រកួតនេះគឺគ្រាន់តែជាការចាប់ផ្តើម នៃការចូលរួមរបស់ខ្ញុំនៅកម្ពុជាតែប៉ុណ្ណោះ។ ការប្រកួតនេះមានតែអ្នកឈ្នះមួយរូបគត់ ហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ ទូទាំងពិភពលោកមកលើកម្ពុជា និងគុនខ្មែរ។ ខ្ញុំគិតថាការរីកចម្រើនដ៏ធំនឹងកើតមានឡើង ហើយខ្ញុំចង់ជួយប្រជាជនក្នុងដំណើរផ្សងព្រេងនេះ។
ប៉ុន្តែមុនពេលយើងចាប់ផ្តើម ខ្ញុំមានការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំនៅថ្ងៃអាទិត្យនេះ។ កុំភ្លេចទស្សនានៅថ្ងៃអាទិត្យ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ »៕