ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ដោយសារប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ។
តាមរយៈសេចក្ដីជូនចំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនេះចរន្តខ្យល់ក្ដៅហើយសើម នៃសមុទ្រចិនខាងត្បូង នឹងបក់ពីទិសខាងកើត និងទិសអាគ្នយ៍មកលើប្រទេសកម្ពុជា។ ដោយឡែកនៅថ្ងៃទី៧ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ កម្រិតមធ្យមមួយទៀត ពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹ ងធ្វើឱ្យចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១/តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងអតិបរមាពី២៩-៣២°C ខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១ទៅ៣ម៉ែត្រ/វិនាទី។ រាជធានីភ្នំពេញ និងខេត្តមួយចំនួន នៅភាគខាងត្បូង និងភាគអាគ្នេយ៍ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី៣០-៤០%។ រីឯភាគពាយ័ព្យ និងភូមិភាគកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០-២០%។
២/ តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២°C ខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១ទៅ៣ម៉ែត្រនាទី អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី៥%-១០%។
៣/តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងអតិបរមាពី៣០-៣២°C ខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១ទៅ៣ម៉ែត្រ/វិនាទី អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំជាមួយផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី១០-២០%។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ខ្សោយនិងរលកសមុទ្រទាប។
ដោយឡែកអាកាសធាតុ សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងអតិបរមា២៩-៣២°C ខ្យល់បក់មកពីទិសមកពីទិសឦសាន និងទិសអាគ្នេយ៍ក្នុងល្បឿនពី១ទៅ៣ម៉ែត្រ/វិនាទី បណ្តាលខេត្តនៅភាគពាយ័ព្យ និងទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម គ្រប់ដណ្ដប់លើផ្ទៃដី១០-២០%។ ដោយឡែក រាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ ព្រៃវែង និងស្វាយរៀង នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយនឹងផ្ទររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី៤០ -៨០%។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមា២៩-៣២°C ខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១ទៅ៣ម៉ែត្រ/វិនាទី អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម គ្របដណ្តប់ លើផ្ទៃដីពី១០ -២០%។
៣/តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងអតិបរមាពី៣០-៣២°C ខ្យល់បក់មកពីទិសឦសាន ទិសខាងត្បូង និងទិសខាងកើត ក្នុងល្បឿនពី១ទៅ៣ម៉ែត្រ/វិនាទី អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំ នឹងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីពី២០-៣០%។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់កម្រិតមធ្យម ខ្យល់បក់ពីទិសខាងត្បូង និងទិសខាងកើត ក្នុងល្បឿនពី២ទៅ៣ម៉ែត្រ/វិនាទី និងកម្ពស់រលកសមុទ្រពី០,៥ម៉ែត្រទៅ១ម៉ែត្រ៕