ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ធ្វើឲ្យស្របតាមស្ដង់ដារបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអបអរសាទរខួប ១ឆ្នាំ នៃការបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី៦ វិច្ឆិកានេះ បានធ្វើការសំណូមពរ ដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឲ្យស្របតាមស្ដង់ដារបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ តីជាសក្ខីភាពបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការសាងសង់ផ្លូវប្រកបដោយ ស្ដង់ដារ និងគុណភាពខ្ពស់ និងការគ្រប់គ្រងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពជោគជ័យ ហើយក៏ស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ផងដែរ “។

សម្តេចធិបតីបន្តទៀថា “ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណី រវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងពង្រឹងពង្រីកដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយ បានធ្វើឲ្យប្រទេសទាំងពីរ ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលបច្ចុប្បន្ននេះ”។

ក្នុងនោះ សម្តេចធិបតីបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំនេះ និងបន្តខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធិភាព ប្រតិបត្តិការរបស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាព នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលស្របនឹងបរិបទសកល មកបើប្រាស់ឲ្យបានទូលំទូលាយ សំដៅបង្កើនស័ក្តសិទ្ធភាព និងភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និងសូមសំណូមពរ ដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឲ្យស្របតាមស្ដង់ដារបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់៕

To Top