ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក អញ្ជើញចូលរួម បើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលការណ៍ ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង សហគមន៍ក សិករប្រើប្រាស់ទឹក

ភ្នំពេញ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលការណ៍ ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង សហគមន៍កសិករ ប្រើប្រាស់ទឹក (ស.ក.ប.ទ.) សេចក្តីព្រាងប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ. និងនីតិវិធីនៃការដោះស្រាយវិវាទ ក្នុងក្របខណ្ឌស.ក.ប.ទ. នៅសណ្ឋាគារភ្នំពេញ។

សូមជម្រាបថា សិក្ខាសាលារយៈពេលពីរថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានការចូលរួមពី លោក Simon Thibault ប្រធានក្រុមទីប្រឹក្សា បច្ចេកទេស (TA-ISWM) និងលោកស្រី Sandrine Boucher នាយិកាស្ថានតំណាងទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍(AFD) រួមជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកនិងឧតុនិយម តំណាងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ សហគមន៍កសិករប្រើប្រាស់ទឹក និងក្រុមការងារកម្មវិធី ការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា សរុបប្រមាណ១៦៧នាក់ ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាអនុក្រុមការងារបច្ចេកទេស គ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងជាពិសេសក្រុមទីប្រឹក្សាបច្ចេកទេស TA-ISWM ដែលបានចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ដល់អង្គសិក្ខាសាលា ដ៏មានសារសំខាន់នេះ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រាប់អង្គសិក្ខាសាលាថា អនុក្រឹត្យរបស់សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ត្រូវបានប្រកាស ឱ្យប្រើកាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីឱ្យអនុក្រឹត្យនេះអនុវត្តទៅបានពេញលេញ ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានគោលការណ៍ណែនាំ និងប្រកាសចំនួនប្រាំទៀត ដូចជា ទី១) គោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ. ទី២) ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. ទី៣)ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ. ទី៤) ប្រកាសស្តីពីនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ ប្រធាន និងអនុប្រធានក្រុមកសិករប្រើប្រាស់ទឹក និងទី៥) កិច្ចព្រមព្រៀងស្តីពីការបែងចែកការទទួលខុសត្រូវ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា វិស័យធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអភិវឌ្ឍនៅលើផ្លូវ នៃការធ្វើកំណែទម្រង់ ក្នុងគោលដៅប្រែក្លាយវិស័យនេះ ឱ្យកាន់តែមានគុណភាព និង ប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយ ក្នុងការលើកស្ទួយជីវភាពរស់នៅ របស់កសិករប្រកបដោយចីរភាព ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈនាយកដ្ឋានស.ក.ប.ទ. ដែលជាសេនាធិការ របស់ខ្លួនមានតួនាទីសំខាន់ លើការកំណត់គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍបន្តលើ ប្រព័ន្ធធារាសាស្រ្តរបស់ស.ក.ប.ទ. ឱ្យមាននិរន្តភាព ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្នើដល់អង្គសិក្ខាសាលា ឱ្យយកចិត្តទុកដាក់ស្តាប់ នូវបទបង្ហាញចែករំលែកបទពិសោធន៍នានា ព្រមទាំងចូលរួមផ្លាស់ប្តូរ មតិយោបល់ បទពិសោធន៍នៅក្នុងការគ្រប់គ្រង បញ្ហាប្រឈមក៏ដូចជាដំណោះស្រាយនានា ដើម្បីឱ្យសិក្ខាសាលា នាពេលនេះទទួលបាន ជោគជ័យ ក្លាយជាគំរូសម្រាប់ការកែលម្អ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងរួមចំណែកក្នុងការ អភិវឌ្ឍសហគមន៍ កសិករ ប្រើប្រាស់ទឹកនៅកម្ពុជា ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អនុក្រុមការងារបច្ចេកទេស គ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងនាយកដ្ឋានស.ក.ប.ទ. ដែលបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេស កម្មវិធីការ គ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១ រៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិ នាពេលនេះ ។

សូមបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ធ្វើឡើងក្នុងគោលបំណងពិគ្រោះយោបល់ ពិភាក្សា និងប្រមូលនូវធាតុ ចូលលើសេចក្តីព្រាងគោលការណ៍ ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ. ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. និង នីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ. ដើម្បីធ្វើឱ្យមានភាពគ្រប់ជ្រុងជ្រោយ គ្របដណ្តប់គ្រប់ទិដ្ឋភាព ជាក់ស្តែង និងបច្ចេកទេស និងមានភាពសុក្រិត ជាពិសេសធានាកិច្ចដំណើរ ការរបស់ស.ក.ប.ទ. ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ៕

To Top