ដាម៉ាស់៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់បានរាយការណ៍ថា សំឡេងនៃការផ្ទុះដ៏ខ្លាំងក្លាបានបន្លឺឡើងតាមរយៈ មូលដ្ឋានទ័ពអាមេរិកនៅក្នុងខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការផ្ទុះត្រូវបានគេឮនៅឯមូលដ្ឋាន Qasrak នៅជនបទនៃ al-Hasakah អមដោយវត្តមានរបស់ យន្តហោះដ្រូនហោះពីលើតំបន់នេះ នេះបើយោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។ ក្រុមសង្កេតការណ៍បានឲ្យដឹងថា ភាពមិនច្បាស់លាស់កើតឡើងលើលក្ខណៈនៃការផ្ទុះ ថាតើវាជាផលវិបាកនៃសមយុទ្ធយោធាជាប្រចាំ ឬការកំណត់គោលដៅដោយចេតនា។
ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការផ្ទុះ ដែលបានកក្រើកតំបន់ជុំវិញមូលដ្ឋានទ័ពអាមេរិកនៅ al-Shaddadi ភាគខាងត្បូងនៃ al-Hasakah ចំពេលមានការកើនឡើងនៃការវាយប្រហារ ប្រឆាំងនឹងការដំឡើងយោធាអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី ដោយកងជីវពលគាំទ្រអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹង ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែលនេះបើតាម ក្រុមសង្កេតការណ៍បានឲ្យដឹងថា ក្នុងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។
កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានយោធាអាមេរិក នៅភាគឦសានប្រទេសស៊ីរី និងការវាយប្រហារដោយកាំភ្លើងត្បាល់ លើមូលដ្ឋានយោធាអ៊ីរ៉ាក់ដែលដាក់កងកម្លាំងអាមេរិក នៅភាគខាងលិចអ៊ីរ៉ាក់។
ក្រុមប្រដាប់អាវុធមួយក្រុម ដែលហៅខ្លួនឯងថា “ការតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់” ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធឺណិតថា អ្នកប្រយុទ្ធរបស់ខ្លួនបាន បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅតំបន់ Tell Beydar ក្បែរទីក្រុង al-Hasakah នៅភាគឦសានប្រទេសស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ។
ទន្ទឹមនឹងនោះ ក្រុមឃ្លាំមើលសង្គ្រាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានអះអាងថា មានការផ្ទុះគ្រាប់បែក ត្រូវបានគេឮនៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ Tell Beydar នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធឺណិតមួយផ្សេងទៀត កងជីវពលបានឲ្យដឹងថា យុទ្ធជនរបស់ខ្លួនបានបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ កាលពីយប់ថ្ងៃអាទិត្យនៅឯមូលដ្ឋានអាកាស Ayn al-Asad ក្បែរទីក្រុង al-Baghdadi ចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាកដាដ។
ក្រុមសកម្មប្រយុទ្ធធ្លាប់បានអះអាងថា បានបាញ់រ៉ុក្កែត និងការវាយប្រហារដោយ យន្តហោះដ្រូនលើមូលដ្ឋានយោធា ដែលមានមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ការប្រកាសអំពីការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុងបាកដាដ និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia’al-Sudani ជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព។
បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានថា សារច្បាស់លាស់មួយត្រូវបានផ្ញើទៅកាន់ “អ្នកដែលគំរាមកំហែងបុគ្គលិកយោធាអាមេរិកថា ពួកគេមិនគួរធ្វើដូច្នេះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា