ព័ត៌មានជាតិ

ថ្ងៃស្អែក សម្តេចធិបតី នឹងជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅព្រះសីហនុ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ។

កម្មករចំនួន១៥ ១៩៤នាក់នេះ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន៣០ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេសចំនួន១ រោងចក្រផលិតគ្រឿងសង្ហារឹមចំនួន១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ រោងចក្រផលិតសម្ភារសត្វចិញ្ចឹមចំនួន២ រោងចក្រកេសកាតុងចំនួន២ រោងចក្រផលិតចំណីសត្វចំនួន២ រោងចក្រផលិតថ្មម៉ាបចំនួន១ រោងចក្រកែច្នៃស្បែកចំនួន១ រោងចក្រផលិតសម្ភារការិយាល័យចំនួន១ រោងចក្រដេរស្បែកជើងចំនួន១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១ រោងចក្រជ្រលក់ក្រណាត់ចំនួន១ រោងចក្រផលិតអេប៉ុងចំនួន១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន១ ។

នេះ គឺជាលើកទី៩ ដែលសម្តេចម ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា៕

To Top