ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រំលឹកមន្ដ្រីអត្រានុកូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យ ឱ្យបានត្រឹមត្រូវ មុនចេញជូនពលរដ្ឋ យកទៅប្រេីប្រាស់

ភ្នំពេញ ៖ ដើម្បីកាត់បន្ថយកំហុស នៃទិន្នន័យលើសំបុត្រអត្រានុកូលដ្ឋាន​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកមន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកឡើងបែបនេះក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Keo Socheat បានលើកឡើងថា «មន្ត្រីអត្រានុកូលដ្ឋានហួស ហេតុពេកហើយ សំបុត្រកំណើតរបស់ប្រជាជនត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាជនទៅវិញ។ ការសរសេរចម្លងខុស គឺជារឿងអសមត្ថភាពការងាររបស់អស់លោក ជាកំហុសអស់លោក ហេតុអ្វីបែរជាតម្រូវឱ្យប្រជាជនរត់ទៅនេះរត់ទៅនោះ ចុងក្រោយឱ្យទៅតុលាការទាំង គាត់គ្មានកំហុសសោះបែបនេះទៅវិញ»។

បើតាមព័ត៌មានដែលទទួលបាន បានឱ្យដឹងថា គណនីហ្វេសប៊ុកនេះ គ្រប់គ្រងដោយមន្ត្រីម្នាក់។ បន្ទាប់មក ខ្លឹមសារខាងលើត្រូវបានបន្តផ្សព្វផ្សាយដោយសារព័ត៌មានមួយចំនួន ដែលអាចបង្កជាការយល់ច្រឡំលើនីតិវិធី នៃការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គល។

តាមរយៈសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណា ដោយមើលឃើញនូវតម្រូវការនៃការកែតម្រូវទិន្នន័យនេះ ជាតម្រូវការមួយចាំបាច់ សម្រាប់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធអនុវត្តការងារមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទាំងនៅក្នុងពេល បច្ចុប្បន្ន និងទៅអនាគតយូរអង្វែង។

អគ្គនាយកដ្ឋាន នឹងពង្រឹងការអប់រំ និងបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ អំពីបែបបទ នីតិវិធីនៃការចុះបញ្ជី អត្រានុកូលដ្ឋាន និងការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ឱ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយកំហុសឆ្គង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះ អគ្គនាយកដ្ឋាន នឹងសម្រួលនីតិវិធី និងពន្លឿនការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននៅថ្នាក់ជាតិ (អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម) ឱ្យបានឆាប់រហ័សស្របតាមនីតិវិធីកំណត់។

អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានបញ្ជាក់ថា «សូមយកឱកាសនេះរម្លឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាក់ ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ សម្រាប់បងប្អូន ប្រជាពលរដ្ឋ ករណីពិនិត្យឃើញថាមានកំហុសណាមួយលើឯកសាររបស់ខ្លួន សូមបងប្អូនស្នើសុំកែតម្រូវភ្លាមៗ នៅឃុំ សង្កាត់ ដោយកុំទុកយូររហូតដល់ឆ្លងចូលឆ្នាំថ្មី»៕

To Top