ព័ត៌មានជាតិ

ថ្ងៃទី១ នៃដំណើរការប្រឡងបាក់ឌុប មានបេក្ខជនអវត្តមាន ជាង ២ពាន់នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សរុបថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមាន ចំនួន ២ ១៣៤នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងដំណើរការសំណេរ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយឡែករសៀល មាន ២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួង បន្ដថា សរុបថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមានចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១ ៧៣២នាក់ ស្រី៧២៤នាក់) ស្មើនឹង ១,៥៥ភាគរយ មានបញ្ហាសុខភាព ៣៨ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន០៤ករណី និងមានបេក្ខជនចំនួន០៣រូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។

ក្រសួង បន្ថែមថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតា ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីអាការបានធូរស្រាល លើកលែង០៣ករណី។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ដោយឡែកអាកាសធាតុនៅមណ្ឌលប្រឡងមួយចំនួនតូចមិនអំណោយផល មានភ្លៀងធ្លាក់ដោយកន្លែង។

ក្រសួង បញ្ជាក់ថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

To Top