ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនបានជ្រើសរើសប្រទេសណា មួយធ្វើជាសត្រូវនោះទេ តែផ្ទុយទៅវិញ បើយកប្រទេសណាមួយជា សត្រូវហើយ នឹងវេទនាជាក់ជាមិនខាន ។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅខេត្តព្រះសីហនុ សម្តេចធិបតីមានប្រសាសន៍ថា “បើគ្មានសុខសន្តិភាពទេ បងប្អូនដឹងហើយប្រវត្តិសាស្ត្រ…កុំនិយាយថា ធ្វើអ្វីទាំងអស់ ។ កត្តាមួយទៀត គឺគោលនយោបាយ ត្រឹមត្រូវ មានន័យថា យកពេជ្រមិនទាន់ប្រើទៅច្នៃ ហើយផល បានមកចែក ដល់បងប្អូនគ្រប់គ្នា មិនមែនយកដាក់ទូតាំង ដូចសម័យប៉ុលពតនោះទេ” ។
សម្តេចធិបតីបានលើកឡើងថា ក្នុងអាណត្តិរាជរដ្ឋាភិបាលកន្លងមក ពិសេសអាណត្តិសម្តេចតេជោ បានដាក់ចេញទិសដៅនៅខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្មទេសចរណ៍។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយមានការបែងចែកច្រើន តែក្នុងនោះមានចំណុច៣ជាសំខាន់ទី១. គោលនយោបាយបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ ឈ្នះ , ទី២. គោលនយោបាយសេដ្ឋកិច្ចបើកចំហដោយវិនិយោគផលឲ្យប្រជាពលរដ្ឋ និងទី៣. នយោបាយការទូត ។
សម្តេចធិបតីគូសបញ្ជាក់ថា “យើងមិនយកប្រទេសណាជា សត្រូវនោះទេ យើងស្វាគមន៍ទាំងអស់អីចឹង បានជាខេត្តព្រះសីហនុមានទាំងអ្នកវិនិយោគមកពីចិន ជប៉ុន , អឺរ៉ុប , អាមេរិក …”។
ជាមួយគ្នានោះដែរ សម្តេចធិបតីក៏បានលើកឡើងថា មានអ្នកខ្លះមិនទាន់បានកាន់អំណាចផងថា បានជេរប្រទេសនោះ កាន់ជើងយកប្រទេសនេះ តែបើប្រកាន់យកប្រទេសណាមួយនោះ នឹងវេទនា ជាមិនខាន។
សម្តេចធិបតីបានអះអាងថា នយោបាយការទូតពិតជាសំខាន់ ព្រោះកម្ពុជាបាននាំផលិតផលទៅកាន់អឺរ៉ុប , អាហ្វ្រិក, ចិន , មជ្ឈឹមបូព៌ា , អាស៊ាន ដោយអត់យកប្រទេស ណាជាសត្រូវទេ ៕