កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ បានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវឌ្ឍនភាពសំណង់អាគារថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។

បើតាមមន្ត្រីរដ្ឋបាលបានឱ្យដឹងថា ការជួបពិភាក្សារវាង លោកអភិបាលខេត្ត និងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺពិភាក្សាលម្អិត ទៅលើការរៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុង នៃអាគាររដ្ឋបាលខេត្ត ដែលកំពុងសាងសង់។

មន្ត្រីដដែលបានបញ្ជាក់ថា សំណង់ថ្មីរបស់រដ្ឋបាលខេត្តកំពង់ចាម គឺមានទំហំ ៣,៥០០ ម៉ែត្រការ៉េ កម្ពស់ ៣ជាន់ ។ បច្ចុប្បន្នសំណង់នេះសាងសង់សម្រេចលទ្ធផលបាន ៦០% ។ ហើយសំណង់នេះដែរគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរ នៅខែមេសា ឆ្នាំ ២០២៤ ៕
