ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តឲ្យពលរដ្ឋបំពាក់ ETC ធ្វើដំណើរលើផ្លូវលឿន ខណៈក្រុមហ៊ុនពន្យារមិនយកថ្លៃចុះឈ្មោះយកកាត

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ទៅបំពាក់ឧបករណ៍ ETC-OBU ដើម្បីប្រើប្រាស់គន្លង ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈក្រុមហ៊ុនបន្តពន្យារមិនយកថ្លៃ សម្រាប់ការចុះឈ្មោះយកកាត ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ៧ វិច្ឆិកា សម្ដេចធិបតី មានប្រសាសន៍ថា «ជាមួយនឹងខួប១ឆ្នាំ(ផ្លូវល្បឿនលឿនព្រះសីហនុបាន១ឆ្នាំ) ខាងក្រុមហ៊ុនក៏បានឯកភាពជាមួយរាជរដ្ឋាភិបាល ពេលដែលយើងបើក គឺក្រុមហ៊ុនគាត់គិត ៨០% នៃ Fee ។ ប៉ុន្តែឥឡូវរដ្ឋាភិបាលបានចរចា ក្រុមហ៊ុនក៏មានការយោគយល់ ហើយសូមអរគុណដល់ក្រុមហ៊ុនដែលគាត់ពន្យារ ការបង់ថ្លៃតាមប្រព័ន្ធ ERP តាមប្រព័ន្ធអេឡិចត្រូនិច គឺមិនដំឡើងទេ ១ឆ្នាំក្នុងពេលនេះ ហើយសម្រាប់បង់ជាលុយគាត់ពន្យារ ៦ខែទៀត ហើយក្រៅពីហ្នឹងគាត់ឡើងបន្តិច ។ ចឹងបងប្អូនទៅដាក់ពាក្យយក ERP តាមប្រព័ន្ធអេឡិចត្រូនិចហ្នឹងស្រួលផង អេឡិចត្រូវហ្នឹងមិនបាច់ចាំ ។ ខ្ញុំពេលខ្លះជិះមកជាមួយក្បួនហ្នឹង ពេលឡានមកដល់ហ្នឹងទ្វារវាបើកស្រាប់ ព្រោះយើងបញ្ចូលកាតក្នុងហ្នឹង អត់ចាំបាច់ចាំ បើអ្នកត្រូវបង់ត្រូវរង់ចាំបន្តកន្ទុយគ្នាខាតពេល ។ ចឹងគឺ១ឆ្នាំនេះ យើងមានកាដូថែមទៀតឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់» ។

សូមបញ្ជាក់ថា ETC ជាប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ ដែលប្រើប្រាស់ដោយបច្ចេកវិទ្យាទំនើបឥតខ្សែ តាមរយៈការបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ខាងមុខនៃរថយន្ត។ រាល់រថយន្តដែល ឆ្លងកាត់ច្រកបង់ប្រាក់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺពុំចាំបាច់ឈប់ ដើម្បីរង់ចាំទទួលកាត ធ្វើដំណើរទៀតនោះឡើយ ។

សូមរំលឹកដែរថា នារសៀលថ្ងៃទី៧ វិច្ឆិកានេះ ក៏នឹងមានរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ នៅទីតាំងស្ថានីយបង់ប្រាក់ទី១ “ភ្នំពេញ” ក្រោមអធិបតី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕

To Top