ព័ត៌មានជាតិ

ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រកាសជំហរ បន្តសហការយ៉ាងស្អិតរមួត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ ក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំកម្ពុជា បានប្រកាសជំហរ បន្តកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមទៀត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកា និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបេសកកម្ម ជាប្រវត្តិសាស្ត្រដើម្បីពន្លឿន ការអភិវឌ្ឍឈានឆ្ពោះទៅកាន់ ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្រ្តីបន្ថែមថា ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន ៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ
២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ Korean Eximbank ដែលតែងតែគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាច្រើន ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍តាំងពីអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ក្រោមម្លប់សុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន ដែលរួមមានគម្រោង៖ Rural Roads Improvenment Project-I-RRIP និង Rural Roads Improvements Project II-RRIP គម្រោងទាំងពីរនេះបានបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០២២។ គម្រោងRural Roads Improvements Project III-RRIP យើងកំពុងអនុវត្តបានប្រមាណ ៤៦% ហើយមកទល់នឹងពេលនេះ។ ទន្ទឹមនឹងនេះនៅមានគម្រោងជាច្រើនទៀតដែលក្រសួងកំពុងអនុវត្ត និងទទួលបានជំនួយបន្ថែមពីធនាគាកូរ៉េក្នុងពេលនេះ ក៏ដូចជាទៅឆ្នាំខាងមុខបន្តទៀត។

ជាការឆ្លើយតប លោកស្រី Minnie Chey បានសម្តែងការអបអរសាទរលោករដ្ឋមន្ត្រី ដែលទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។

លោកស្រី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមការលើកឡើងរបស់ លោក ឆាយ ឫទ្ធិសែន ។

លោកស្រីបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការជាដៃគូ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយកម្ពុជាជាប់ជាចំណាត់ថ្នាក់លេខ២ ក្នុងការទទួលបានជំនួយច្រើនជាងគេបង្អស់ពី Korean Eximbank។ លោកស្រីក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយគ្នាកន្លងមក និងប្រកាសជំហរ បន្តកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមទៀត៕

To Top