ភ្នំពេញ ៖ លោក កើត ឆែ អភិបាលស្តីទី រាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូលយកចិត្តទុកដាក់បណ្ដុះបណ្ដាលបច្ចេកទេស ទាំងការផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាល បានផ្ដល់គ្រាប់ពូជស្រូវ សំដៅធ្វើយ៉ាងណា ឲ្យពលរដ្ឋអាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ ។
ការណែនាំរបស់លោក កើត ឆែ បែបនេះ ធ្វើឡើងនាថ្ងៃ៧ វិច្ឆិកា ក្នុងពិធីចែកស្រូវពូជ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន១០៨គ្រួសារ នៅវត្តទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។
លោក កើត ឆែ បានលើកឡើងថា សម្រាប់មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួន ផ្ដល់បច្ចេកទេសឲ្យប្រជាពលរដ្ឋ រីឯមន្ទីរធនធានទឹក ក៏ត្រូវនៅកៀកគិតជាមួយប្រជាពលរដ្ឋដែរ ពោលគឺនៅពេលដែលប្រជាពលរដ្ឋ មិនមានទឹកបង្កបង្កើតផល មន្ទីរត្រូវតែផ្ដល់ទឹកជូន ។
លោកបានបន្តថា ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែនៅផ្ទាល់ជាមួយប្រជាពលរដ្ឋផងដែរ ខណៈប្រជាពលរដ្ឋ មានការខ្វះខាតអ្វីមួយ អាជ្ញាធរត្រូវជួយពួកគាត់ភ្លាម សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានគ្រាប់ពូជ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នេះហើយ ពួកគាត់អាចយកទៅបង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់។
លោក កើត ឆែ ក៏បានបន្ថែមទៀតថា កម្ពុជា មានសន្តិភាពពេញលេញ ក្រោមម្លប់សន្តិភាពនេះ អាចធ្វើអ្វីបានគ្រប់យ៉ាង ទាំងការរកស៊ី ជួញដូរ និងការបង្កបង្កើតផលជាដើម។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ។
សូមរំលឹកថា គ្រាប់ពូជស្រូវ ដែលបានផ្តល់ជូនប្រជាកសិករ ដែលទទួលរងការខូចខាត ដំណាំស្រូវវស្សាដោយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន១០៨គ្រួសារ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ៦.៦៥០គីឡូក្រាម ជា អំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៕