ព័ត៌មានជាតិ

៣ ថ្ងៃទៀត! ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុប ១៨៨ ដែលនឹងដាក់តាំងបង្ហាញ ពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ ឱកាសការងារ រហូតដល់ជាង ២០ ០០០កន្លែង ហើយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់។

គោលបំណងសំខាន់ៗ នៃការការៀបចំពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាព ក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផង ដែលនូវសិក្ខាសាលា ផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការបង្កើនផលិតភាព ការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

ជាមួយគ្នានេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារ ធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារ ធ្វើតាមប្រព័ន្ធអនឡាញ បានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http://careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣, ០១៧ ៨៧១ ៨០៧, ០៩៦ ២១៥៥ ១៦២ ៕

To Top