ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងនោះទេ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឲ្យកត់សម្គាល់នោះទេ»។
ក្រសួងអប់រំ បន្ដថា ចំណែកបេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
បន្ទាប់ពីការបញ្ចប់ដំណើរការសំណេរនៅថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡង ត្រូវបានវេចខ្ចប់ ចុះហត្ថលេខា បិទសាឡេដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅតាមសាលាខេត្ត។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕