ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៧ វិច្ឆិកា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការ កិច្ចការបរទេស បានធ្វើការប្ដេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរ ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។
ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការ ប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វឲ្យស៊ីជម្រៅ នូវការ កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរ បានគូសបញ្ជាក់ ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរ ចំពោះការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
នាឱកាសនោះ លោក ឡូវ ឈីនជៀន បង្ហាញជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ចំណែក លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភាវិញ បានកត់សម្គាល់ថា អត្រាអ្នកទៅបោះឆ្នោតខ្ពស់ និងការគាំទ្រដ៏ច្រើនលើសលប់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយសារប្រជាជនមានទំនុក ចិត្តលើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺកូវីដ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះសមិទ្ធផលលេចធ្លោនានា នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាពិសេសផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការជំរុញការ វិនិយោគរបស់ចិន ឱ្យបានច្រើននៅកម្ពុជា ជាពិសេសការប្តេជ្ញាចិត្តក្នុង ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ៕