ភ្នំពេញ៖អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ លើកឡើងថា ការចាប់ផ្តើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្តើរកែលម្អបណ្តើរ ដើម្បីទទួលបាននូវភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត។
ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅនឹងការងារដែលពួកគេកំពុងធ្វើស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ។ លោកពន្យល់បន្ថែមថា ការបណ្តុះបណ្តាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ មិនសំដៅតែសម្រាប់វិស័យកាត់ដេរទេ ប៉ុន្តែសម្រាប់រោងចក្រសហគ្រាសគ្រប់វិស័យ។
ចំណែក ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលថ្មីនេះដែរថា ការអនុវត្តការងារជាក់ស្តែងគឺមិនអាចមានភាពរលូនគ្រប់ពេលវេលានោះទេ ប៉ុន្តែលោកមើលឃើញថា ទំនាក់ទំនងការងាររវាងភាគីនិយោជក និងកម្មករនិយោជិត នាពេលបច្ចុប្បន្នមានភាពយោគយល់គ្នា និងមានភាពសុខដុម ជាមួយគ្នាកាន់តែល្អប្រសើ។ លោកឡើកឡើងថា ភាគីនិយោជកបានសម្រួលលក្ខខណ្ឌការងារកាន់តែប្រសើរជាងមុនដល់កម្មករនិយោជិត ដូចជាការអនុញ្ញាតឲ្យកម្មករនិយោជិតដែលមានពិការភាព និងស្ត្រីមានផ្ទៃពោះ អាចចូលធ្វើការ រឺចេញធ្វើការយឺតជាងកម្មករនិយោជិតធម្មតាពី១៥នាទី ទៅ២០នាទីជាដើម។ ទោះជាយ៉ាងណា លោកស្នើដល់ភាគីនិយោជកបន្តការយកចិត្តទុកដាក់បន្ថែមដល់កម្មករនិយោជិត និងមានភាពយោគយល់គ្នាក្នុងការដោះស្រាយបញ្ហានៅក្នុងរោងចក្រសហគ្រាស។
ចំពោះប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ (CCAWDU) លោក គង់ អាទិត្យ យល់ឃើញថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការបង្កើតសន្តិភាពក្នុងវិស័យឧស្សាហកម្មដែលត្រូវមានភាគីនិយោជក ភាគីនិយោជិត និងភាគីរាជរដ្ឋាភិបាលចូលរួម។ លោកចង់ឲ្យភាគីទាំងអស់ចូលរួមស្តាប់យោបល់គ្នា និងត្រូវមានសម្លេងសំណូមពរពិតរបស់ភាគីនិយោជិត ដោយសារនៅពេលដែលយើងអាចដឹងព័ត៌មានពិត រឺបញ្ហាមុនពេលសកម្មភាពកើតឡើង គឺយើងនឹងអាចគ្រប់គ្រងស្ថានការណ៍បាន។
គួរបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពចំនួន៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តចំពោះមុខក្នុងឆ្នាំ២០២៣។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៃរោងចក្រសហគ្រាសក្នុងខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្តើមធ្វើនៅឆ្នាំ២០២៤ នឹងធ្វើឲ្យនិយោជក និងកម្មករនិយោជិតកាន់តែមានភាពសុខដុមរមនាក្នុងភាពជាដៃគូ និងជាមូលធនដែលគាំទ្រគ្នាទៅវិញទៅមកដែលជម្រុញដល់ភាពរីកចម្រើនរបស់រោងចក្រសហគ្រាស និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយក្រសួងកំពុងពិគ្រោះយោបល់ និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយពង្រឹងដល់អធិការកិច្ចការងារនិងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគីក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការ ILO ផងដែរ៕