ព័ត៌មានជាតិ

មេទ័ពជើងគោកចិន ជឿជាក់ថា ទំនាក់ទំនង ចិន-កម្ពុជា នឹងត្រូវបានលើកកម្ពស់ រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

រូបភាព៖ នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានបង្ហាញនូវជំនឿថា ទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។

ក្នុងកិច្ចពិភាក្សានេះ នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ច្រករបៀងមច្ឆា និងអង្ករ ។ល។

លើសពីនេះនាយឧត្តមសេនីយ៍ ក៏បានបង្ហាញនូវក្តីជឿជាក់ថា «ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ហើយប្រទេសកម្ពុជា ក៏នឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត» ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ លី ឈីវមីង និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ លោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ឈាំង និង នាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើន នៃទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេស ការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលដែល សម្តេចធិបតី នៅបំពេញមុខងារជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

ជាចុងក្រោយ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រ ចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការក្នុងផ្នែកហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា ៕

To Top