ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ពីឧស្សាហកម្មប្រើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ពីឧស្សាហកម្មប្រើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញ តាមរយៈការបង្កើនធនធានមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះនាឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន Evercore ដឹកនាំដោយលោក Keith Magnus ជាប្រធានក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

តាមរយៈជំនួបនេះ លោកប្រធានក្រុមហ៊ុនបានសម្ដែងការអបអរសាទរជូន លោកឧបនាយករដ្ឋមន្ត្រី និងពិសេសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការ អភិវឌ្ឍន៍ថ្មីៗ ជាច្រើនដែលទាំងនេះ បង្ហាញឱ្យឃើញពីចក្ខុវិស័យវែងឆ្ងាយ លើភាពរីកចម្រើនរបស់កម្ពុជា ដែលជាសញ្ញាណវិជ្ជមានសម្រាប់រដ្ឋាភិបាលថ្មីនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការស្វាគមន៍ យ៉ាងកក់ក្ដៅជូនចំពោះក្រុមហ៊ុន និងបានថ្លែងអំណរគុណ លើការផ្ដល់ទំនុកចិត្តខ្ពស់មកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជា ពីឧស្សាហកម្មប្រើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញតាមរយៈការបង្កើនធនធានមនុស្ស ការរៀបចំឱ្យមានតំបន់ឧស្សាហកម្ម បច្ចេកវិទ្យាកម្រិតខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស សម្រាប់បម្រើឱ្យការដឹកជញ្ជូន និងពិសេសសម្រាប់នីតិកាលថ្មីនេះ បានបន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី និងស្រូវ និងការរៀបចំគម្រូថ្មីៗជម្រុញវិស័យទេសចរណ៍កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទទួលស្វាគមន៍រាល់កិច្ចការងារ វិនិយោគ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពិសេសចំពោះកិច្ចការងាររៀបចំ ឱ្យមានតំបន់ឧស្សាហកម្ម នៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួល ឱ្យកិច្ចការងាររៀបចំនេះ អាចអនុវត្តទៅបានដោយរលូន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

បន្ថែមក្នុងឱកាសនេះ លោកប្រធានក្រុមហ៊ុនក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រីផងដែរអំពីសេវាកម្មនានា និងសកម្មភាពការងាររបស់ក្រុមហ៊ុន Evercore ដែលធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមក ពិសេសនៅក្នុងប្រទេសសិង្ហបុរី ព្រមទាំងដោយមានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាព លើការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីពង្រីកវិស័យឧស្សាហកម្ម ទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងទៀត ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ៕

To Top