ភ្នំពេញ៖ លោក អ៉ិត ប្រាំង រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងការបង្កើតកងយោធពលខេមរភូមិន្ទ។
ជារៀងរាល់ឆ្នាំ មុនថ្ងៃបុណ្យទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងរ៉ែ និងថាមពលទាំងអស់ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ និងតែងតែអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា នៅព្រះបរមរូបរបស់ព្រះបរមរតនកោដ្ឋ៕


