ព័ត៌មានជាតិ

សម្តេចធិបតី ៖ ដំណើរ នៃការវិវត្តជាតិខ្មែរ ឈានដល់ដំណាក់កាលរឹងមាំ និងមានមហិច្ចតា ខ្ពស់លើកស្ទួយមោទកភាពជាតិ ឲ្យដូចសម័យអង្គរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ដំណើរនៃការវិវត្តជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មី មួយរឹងមាំ និងមានមហិច្ចតាខ្ពស់ ក្នុងការលើកស្ទួយមោទកភាពជាតិ ខ្មែរឲ្យដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ។

នាឱកាសអញ្ជើញចូលរួម ពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្រោមព្រះរាជអធិបតីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាព្រឹកថ្ងៃ៩ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា «ដំណើរ នៃការវិវត្តជាតិខ្មែរបានឈាន ដល់ដំណាក់កាលថ្មីមួយ ដែលយើងទាំងអស់គ្នា មានទំនុកចិត្តរឹងមាំ និងមានមហិច្ចតាខ្ពស់ ក្នុងការលើកស្ទួយមោទកភាពជាតិខ្មែរឲ្យដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាពក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

សម្ដេចធិបតីបន្ដថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញគោលនយោបាយ របស់ខ្លួនដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ច នៃកម្មវិធីនយោបាយនេះហើយប្ដេជ្ញា សម្រេចចិត្តឲ្យបាននូវគោលដៅ ជាចម្បងនាយយុទ្ធសាស្ត្ររួមមាន៖

១-ការពារសន្តិភាព ការពារឯករាជ្យអធិបតេយ្យ បូណភាពទឹកដីនិងរាល់សមិទ្ធផល នៃសង្គមជាតិឲ្យបានគង់វង្សស្ទិតថេរ។

២-កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំដោយផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវ ភាពសំបូរសប្បាយរស់នៅយ៉ាង សុខដុមរមនាប្រកប ដោយកិត្តិយសសេចក្តីថ្លៃមនោ និងមានការគោរពសិទ្ធិមនុស្ស។

៣-កសាងប្រព័ន្ធគាំពារ សង្គមប្រកប ដោយបរិយាប័ណ្ណប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាផ្ដល់ការគាំពារ ដល់ប្រជាជន ក្នុងការឆ្លើយតប ចំពោះភាព នូវហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ។

៤-ជំរុញការអភិវឌ្ឍន៍កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឲ្យបានជាអតិបរមា។

៥-បន្តអនុវត្តនយោបាយ ការបរទេសឯករាជ្យដោយផ្អែកលើច្បាប់, កសាងមិត្តភាពនិង កិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយប្រទេសទាំងអស់ លើសាកលលោក និងចូលរួមយ៉ាងសកម្មចំពោះបុព្ធហេតុសន្តិភាព ស្ថេរភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់ និងពិភពលោក ៕

To Top