ព័ត៌មានជាតិ

កសិករ បង្ហាញភាពរីករាយ ក្រោយចំណាយទុនតិច ទទួលបានទិន្នផលកើនឡើង បន្ទាប់ពីសាកល្បង ប្រើជីធម្មជាតិ ផលិតដោយកូនខ្មែរ

តាកែវ៖ ប្រជាកសិករ ២គ្រួសារ នៅភូមិព្រៃស្នួល ឃុំរវៀង ខេត្តតាកែវ បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង ក្រោយការបង្កបង្កើនផលស្រូវវស្សា ទទួលបានទិន្នផលកើនឡើង គួរឱ្យកត់សម្គាល់ បន្ទាប់ពីបានប្រើជីធម្មជាតិ ដែលផលិតដោយកូនខ្មែរ ។

កសិករម្នាក់ រស់នៅភូមិព្រៃស្នួល បានឱ្យដឹងថា ឆ្នាំនេះគាត់បាន បានចំណាយទុនលើការប្រើប្រាស់ជី (ធម្មជាតិ) ត្រឹមតែជាង២០មុឺនរៀល ប៉ុណ្ណោះ ខុសពីសព្វមួយដងដែលត្រូវចំណាយអស់ជាង៦០ទៅ៧០មុឺនរៀល។

កសិករដដែលបានបន្ថែមថា «ក្រោយសាកល្បង ប្រើប្រាស់ជីធម្មជាតិ ដែលផលិតដោយកូនខ្មែរ កត់សម្គាល់ឃើញថា ការវិវត្តន៍ស្រូវមានសភាពល្អខ្លាំង ខុសពីឆ្នាំមុន និងទទួលបានផលគួរឱ្យគាប់ប្រសើរ»។

ដោយឡែក លោក សយ សុភាព ដែលជាអ្នកផ្ដួចផ្ដើមគំនិត និងមានការចូលរួមពីសំណាក់អ្នកបច្ចេកទេស អ្នកវិទ្យាសាស្រ្តខ្មែរ ក៏បានបង្ហាញភាពសប្បាយរីករាយ ចំពោះសមិទ្ធផលថ្មីនេះ ក្រោយដកបទពិសោធន៍ ជាក់ស្ដែង អស់រយៈពេល៣ឆ្នាំកន្លងមក។

ជាមួយគ្នានេះ កសិករមួយគ្រួសារ នៅឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើស្រែ លើផ្ទៃដី១៥ហត ក៏ទទួលផលល្អដូចគ្នា។

លោក សយ សុភាព ក៏បានឱ្យដឹងថា លោកនិងក្រុមបច្ចេកទេស នឹងខិតខំសាកល្បងផលិតជីគោក បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការចំណាយទុន របស់ប្រជាកសិករ ក្នុងការបង្កបង្កើនផល៕

To Top