ព័ត៌មានជាតិ

ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៦ពង្រីកទំហំ អង្កត់ផ្ចិតផលប្រយោជន៍មនុស្សជាតិ

ឆ្នាំ២០២៣ ជាលើកទី៦ដែលពិព័រណ៍នាំចូលចិនអន្តរជាតិបានរៀបចំឡើង ហើយពិព័រណ៍នេះត្រូវបានរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំដោយបានចាប់ចេញដំណើរពីឆ្នាំ២០១៨បើទោះបីជាពិភពលោកស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ពិពរណ៍នេះក៏បានរំលេចឱ្យឃើញនូវទីផ្សារដ៏ធំសម្បើមរបស់ពិភពលោកក្នុងប្រទេសចិនដែលបាននិងកំពុងបង្កើនការជំរុញការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបើកចំហ ព្រមទាំងបានរួមចំណែកជាវិជ្ជមានក្នុងការបង្កើតគំរូអភិវឌ្ឍន៍ថ្មី និងការចូលរួមបង្កើនល្បឿននៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជាវេទិកាចែករំលែកពីវណ្ណកម្ម លើកស្ទួយជីវភាពរស់នៅកាន់តែបវរ និងការលើកកម្ពស់សេដ្ឋកិច្ចក្រោមគោលនយោបាយកំណែទម្រង់និងបើកចំហរបស់ប្រទេសចិនក្នុងរយៈពេលជាង៤០ឆ្នាំប្រកបដោយមោទកភាព ដែលនាំឱ្យពិភពលោកបានប្រើប្រាស់ពិព័រណ៍នេះដើម្បីប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតរវាងប្រទេសនានា ដែលប្រទេសចិនមានបំណងប្រាថ្នាដ៏ក្លៀវក្លាបង្កើនជីវភាពរស់នៅរបស់មនុស្សជាតិឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន ដែលនេះក៏ជាមធ្យោបាយដ៏ល្អប្រសើរមួយ ដើម្បីយកប្រជែងយកឈ្នះលើបច្ចុប្បន្នភាពនៃបញ្ហាសកលផងដែរ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជាការលើកកម្ពស់ស្មារតីរបស់ប្រទេសនានាក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងបរិបទពហុប៉ូលនៃចរន្តសកលភាវូបនីយកម្មសេដ្ឋកិច្ច ព័ត៌មានវិទ្យាភាវូបនីយកម្ម សង្គមដែលមានវប្បធម៌ចម្រុះ និងបញ្ហាដែលកំពុងកើនឡើងជាលំដាប់នេះ ដែលពិព័រណ៍នេះមាននិន្នាការថែរក្សាសុខសន្តិភាព និងដំណើរឆ្ពោះទៅរកការអភិវឌ្ឍកាន់តែមានភាពរឹងមាំ ព្រមទាំងចែករំលែកនូវបទពិសោធកំណែទម្រង់សេដ្ឋកិច្ច និងជំរុញនវានុវត្តន៍វិទ្យាសាស្រ្តដែលកំពុងតែទទួលបានសន្ទុះយ៉ាងខ្លាំងក្លា។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦គឺជារយៈពេល៦ឆ្នាំដែលយើងបានមើលឃើញពីការសម្របសម្រួលគោលនយោបាយការទូតសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ដោយមានគោលបំណងដើម្បីលើកកម្ពស់ចំណុចខ្លាំងខុសៗគ្នារបស់បណ្តាប្រទេសពាក់ព័ន្ធ និងធ្វើឲ្យយុទ្ធសាស្រ្តនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានាឱ្យមានភាពបន្ស៊ីគ្នាដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកែលម្អបរិយាកាសធុរកិច្ច ដូចប្រសាសន៍របស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិនដែលបានថ្លែងក្នុងពិធីបើកពិព័រណ៍លើកនេះថា «ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជានិន្នាការប្រវត្តិសាស្ត្រ និងជាក្តីប្រាថ្នារួមរបស់ប្រជាជនលើពិភពលោក ហើយកិច្ចសហប្រតិបត្តិការបែបបើកចំហ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ ប្រទេសចិនរំពឹងទុកយ៉ាងស្មោះចំពោះការធ្វើការជាមួយប្រទេសនានា ដើម្បីដើរទៅរកទិសដៅដូចគ្នា និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមកក្នុងបរិបទបើកចំហ» ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជាការដោះដូរពាណិជ្ជកម្មដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ហើយពិព័រណ៍នេះកំពុងឱបក្រសោបពិភពលោកដោយគំនិតបើកទូលាយ ប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរី លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគ ដោយមិនទាន់គិតដល់ការស្រូបទាញបានសហគ្រាសចំនួនសរុប៣៤០០មកពី៧២ប្រទេសបានចូលរួមពិព័រណ៍លើកនេះដែលបានកើនឡើង២០%បើប្រៀបធៀបនឹងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ យើងឃើញមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលបរទេសជាច្រើនបានចូលរួមបង្កើនការទូតជាមួយប្រទេសចិន ជាក់ស្តែងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលីដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងរំលងអស់រយៈពេល៧ឆ្នាំកន្លងមកហើយ។

ជារួម ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦បានឈានដល់ចំណុចចាប់ផ្តើមថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍរបស់ខ្លួន ដោយជំរុញគោលគំនិតក្នុងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ការបន្ស៊ីគ្នា បៃតងភាព ការបើកចំហ និងការចែករំលែកគ្នា ហើយពិព័រណ៍នេះនឹងជំរុញយ៉ាងសកម្មនូវកំណែទម្រង់រចនាសម្ព័ន្ធលើផ្នែកផ្គត់ផ្គង់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាមួយទៅក្នុងប្រាជ្ញាចិនរយៈពេល១ទសវត្សរ៍ស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយពិព័រណ៍នេះនឹងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ការអភិវឌ្ឍពិភពលោក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

To Top