ព័ត៌មានជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារលិខិតអបអរសាទរខួប៧០ឆ្នាំ នៃទិវាឯករាជ្យជាតិកម្ពុជា ថ្វាយចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងជូនសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ថ្ងៃទី ៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរខួប ៧០ ឆ្នាំនៃទិវាឯករាជ្យជាតិកម្ពុជាថ្វាយចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន បានទទួលសមិទ្ធផលថ្មីដោយឥតឈប់ឈរក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ។ ក្នុងនាមជាប្រទេសជិតខាងដែលមានមិត្តភាពប្រពៃណី ភាគីចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការគាំពារនិងថែរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា យើងបានជួបពិភាក្សាយ៉ាងស្និទ្ធស្នាលនៅក្រុងប៉េកាំងនិងក្រុងហាងចូវ បានរួមគ្នាគ្រោងផែនទីបង្ហាញសម្រាប់ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជា។

ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា មានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយទ្រង់ ដើម្បី បង្កើនការដឹកនាំជាយុទ្ធសាស្ត្រចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
ថ្ងៃដដែល លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក៏បានផ្ញើលិខិតអបអរសាទរចំពោះសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top