ភ្នំពេញ ៖ លោក ជា វ៉ាន់ដេក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ជាប់ ឲ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។
តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា វ៉ាន់ដេក បានផ្ញើសារជូនពរសិស្សានុសិស្សទាំងអស់ឲ្យទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលបានប្រពឹ្រត្តទៅកាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា។ លោករដ្ឋមន្ដ្រីថា ក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល»។
បន្ថែមពីលើនេះ លោករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា បេក្ខជនអាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។ ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រីសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ សិស្សៗនឹងចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០៕