ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតាមរយៈលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាបានបន្តស្នើអង្គការនេះពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Will Parks ចូលជួបសម្តែងការគួរសមនាថ្ងៃ១០ វិច្ឆិកា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងពីគោលបំណងស្នើឲ្យបន្តគាំទ្រនេះ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះដែរ ក្នុងនាមក្រសួងសុខាភិបាលលោសាស្ត្រាចារ្យ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ UNICEF ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេសនិងហិរញ្ញវត្ថុក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្ស នាពេលកន្លងមក។
ចំណែក លោក Will Parks វិញ បានអបអរសាទរ សាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកក៏បានជម្រាបទៅរដ្ឋមន្រ្តី ថាអង្គការ UNICEF បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោល នយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។
គួរបញ្ជាក់ផងដែរថា នៅក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្រោមកិច្ចសហប្រតិបត្តិការ ល្អ និងជិតស្និតពីអង្គការ UNICEF ក្រសួងសុខាភិបាល បានអនុវត្តនូវផែនការយុទ្ធសាស្ត្រ ក្នុងការឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យគួរជាទីមោទកគាំទ្រក្រសួងសុខាភិបាល ដូចជា៖
បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និងអនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួន បន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយ តិចជាង ១%។
ក្នុងនោះបានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំង ជំងឺកូវីដ-១៩ ដល់គោលដៅ៕








