ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិនបន្តឥទ្ធិពល គ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងកម្លាំងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១/ តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី។ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
២/ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី។
៣/ តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕