ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាចុះធ្វើអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ត្រឹមម្ដងគត់ក្នុងមួយឆ្នាំ លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ចតាមជាក់ស្ដែង ។
ក្នុងឱកាសអញ្ជើញបើក “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” នាថ្ងៃ១៣ វិច្ឆិកា សម្ដេចធិបតីមានប្រសាសន៍ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយកិច្ចប្រតិបត្តិការ របស់សហគ្រាស អាជីវកម្ម នៃវិស័យឯកជន នៅគ្រប់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវមានការពិគ្រោះយោបល់ ជាមួយវិស័យឯកជន ពាក់ព័ន្ធសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឲ្យអនុវត្ត ត្រូវផ្សព្វផ្សាយបានទូលំទូលាយ និងត្រូវពេលអន្តរកាល យ៉ាងហោច ៦ខែ មុននឹងចាប់ផ្ដើមអនុវត្ត ។
ចំពោះការលើកឡើងរបស់វិស័យឯកជន ជុំវិញការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណច្រើន ពីក្រសួងស្ថាប័នផ្សេងគ្នា ខណៈលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណមួយចំនួន មានភាពមិនចាំបាច់ ហើយមួយចំនួនទៀត មានភាពត្រួតស៊ីគ្នា ដែលបញ្ហានេះសម្ដេចធិបតី បានប្រគលភារកិច្ច ជូនគណៈកម្មការគោលនយោបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រួបសម្រួលដឹកនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញ នូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណទាំងអស់ ក្នុងវិស័យនីមួយៗ ដែលចាប់ផ្ដើមពីវិស័យទេសចរណ៍ វិស័យសហគ្រាសធនមីក្រូតូច និងមធ្យម ដើម្បីលុបចេញ ឬផ្គួបចូលគ្នានូវលិខិតអនុញ្ញាត និង អាជ្ញាប័ណ្ណដែលត្រួតស៊ីគ្នា និងកែសម្រួលនីតិវិធី និងថ្លៃសេវានៃលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណនីមួយៗ ឲ្យមានភាពច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាធានាថា គ្មាននីតិវិធីណាមួយ ដែលបង្កការលំបាក និងមិនចាំបាច់ដល់ពលរដ្ឋឡើយ ។
សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះក្រសួងការងារដែលបានដោះស្រាយបញ្ហាប្រឈមចំនួន១៥ ចំណុចរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
សម្ដេចក៏បានណែនាំឲ្យក្រសួងការងារ បន្តដឹកនាំពង្រឹងយន្តការអធិការកិច្ចអន្តរក្រសួង តាមការសម្រេចរបស់វេទិការាជរដ្ឋភិបាលផ្នែកឯកជនលើកទី១៨ នៅឆ្នាំ២០១៩ ។
សម្ដេចធិបតីបញ្ជាក់ថា «ខ្ញុំចង់ឲ្យវិស័យឯកជនដើរតួនាទី ជាយន្តការក្នុងការជួយពង្រឹងអនុឡោមភាព ជួយសមាជិករបស់ខ្លួនក្នុងការពង្រឹង ។ ចឹងរាជរដ្ឋាភិបាល បានដកឃ្លាហើយ ទុកការទុកចិត្ត ឲ្យបំពេញតាមអនឡាញ ប៉ុន្តែកុំឲ្យលំបាកដើម្បីធានាការទុកចិត្ត ព្រោះបើវិស័យឯកជន អនុវត្តបានត្រឹមត្រូវ គឺបង្កើនទំនុកចិត្ត ដូច្នេះថ្ងៃក្រោយមិនចាំបាច់ធ្វើអធិការកិច្ចច្រើនពីក្រសួងហើយ ។ មិនមែនតែវិស័យការងារទេ គឺខ្ញុំចង់ឃើញគ្រប់ វិស័យទាំងអស់ ហើយគ្រប់ក្រសួង ស្ថាប័នត្រូវធានាថា ១ឆ្នាំគឺរួមគ្នាចុះអធិការកិច្ចតែម្ដងគត់ លើគោលដៅតែមួយ លើកលែងតែមានបណញ ដឹងពីបងប្អូនកម្មករ និយោជិតផ្ទាល់ ឬមានឧប្បទ្វហេតុណាមួយកើតឡើង សូមធ្វើតាមគោលការណ៍ ដែលយើងបានធ្វើ បានន័យថា អធិការកិច្ចតែមួយលើកក្នុងមួយឆ្នាំ» ។
សម្ដេចធិបតីបន្ថែនថា គ្រប់ក្រសួងស្ថាប័ន ដែលស្ថិតនៅក្នុងយន្តការអធិការកិច្ចអន្តរក្រសួង ត្រូវមានយន្តការទទួលពាក្យបណ្ដឹងពីវិស័យឯកជន ដើម្បីទប់ស្កាត់ការចុះធ្វើអធិការកិច្ច ដោយឡែករបស់ក្រុមការងារ ៕