ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលថ្មី នឹងមិនមានការបង្កើត ប្រភេទពន្ធថ្មីឡើយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា នឹងមិនមានការបង្កើត ប្រភេទពន្ធថ្មីនោះទេ ខណៈប្រភេទពន្ធដែលមានស្រាប់ មិនមានការដំឡើង អត្រានោះដែរ។

ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា នៅក្នុងនីតិកាលទី ៧នេះ រាជរដ្ឋាភិបាល នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ ក៏មិនមានការដំឡើងនោះដែរ នេះគឺសូមបញ្ជាក់ឲ្យបានច្បាស់ឡើងវិញ»។

លើសពីនេះ សម្ដេចធិបតី បានឲ្យដឹងថា រាជរដ្ឋាភិបាល មិនត្រូវឲ្យមានការបង់ភាស៊ីសម្រាប់ប្រជាពលរដ្ឋលក់ដូរតាមកញ្ជើ កញ្ច្រែងនោះឡើយ។

សូមបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល អាណត្តិមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់ នូវប្រភេទពន្ធមួយចំនួនដូចជា៖ ពន្ធសត្ត ឃាត, ពន្ធលើរបបម៉ៅការ, ពន្ធតែមប្រេងសារ ពើភ័ណ្ឌលើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន, ពន្ធលើមធ្យោបាយ ដឹកជញ្ជូនទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ត្រាក់ទ័រ និងគ្រឿង យន្ដប្រហាក់ប្រហែល និងជល យានយន្ដ ដែលកម្លាំងដល់ ១៥០សេះ ព្រមទាំងពន្ធប្រថាប់ត្រា លើលិខិតបង្កើតក្រុមហ៊ុន ៕

To Top