ភ្នំពេញ៖ បណ្តាក្រុមហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារធ្វើពីបេក្ខជនជាង២ម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាង៣ម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋមចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូលរួមទស្សនាតាមគេហទំព័រCareer Fair សរុបមានចំនួនជាង២ម៉ឺននាក់។
ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែងសម្រាប់អ្នកស្វែងរកការងារធ្វើ។
ជាមួយគ្នានេះ លោក រដ្ឋមន្រ្តីបានលើកឡើងថា នេះជាលើកទី១៣ហើយ ដែលទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឡើងចាប់តាំងពី២០១១ដែលមានត្រឹមតែ ៣០ស្តង់ និងឱកាសការងារត្រឹម ២០០០កន្លែងប៉ុណ្ណោះ ហើយប្រៀបធៀបពិព័រណ៍ការងារឆ្នាំ២០២៣នេះ ពោលគឺមានចំនួនអ្នកចូលរួម និងឱកាសការងារកើនឡើង។
លោករដ្ឋមន្រ្តីបញ្ជាក់ថា « ចំនួនក្រុមហ៊ុន និង ឱកាសការងារសម្រាប់ឆ្នាំ២០២៣កើនឡើង១០ដងបើប្រៀបធៀបទៅនឹងពិព័រណ៍ឆ្នាំ ២០១១ ។ នេះជាការបង្ហាញពីវឌ្ឍនភាពមួយដែលព្រឹត្តិការណ៍នេះកាន់តែធំ កាន់តែទាក់ទាញ និងមានអ្នកចូលរួមកាន់តែច្រើនស្វែងយល់ និងស្វែងរកពីឱកាសការងារ»។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថាពិព័រណ៍នេះនឹងក្លាយជាទីកន្លែងមួយសម្រាប់អ្នកស្វែងរកការងារអាចជ្រើសរើសការងារទៅតាមជំនាញតាមក្តីប្រាថ្នារបស់ខ្លួនតាមស្តង់នីមួយៗដែលខ្លួនពេញចិត្ត និងអាចដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាម។ ចំណែកក្រុមហ៊ុនក៏អាចរកបានបុគ្គលិកដែលមានសមត្ថភាពដែលខ្លួនចង់បានផងដែរ។
និស្សិត លី ម៉ីនាង កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ដែលបានចូលរួមពិព័រណ៍នេះបានបង្ហាញចំណាប់អារម្មណ៍ថា ពិព័រណ៍នេះមានសារៈសំខាន់សម្រាប់អ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារ ព្រោះវាជាឱកាសដែលក្រុមហ៊ុនជាច្រើនរួមគ្នាជ្រើសរើសបុគ្គលិក ហើយថែមទាំងបានជួបជាមួយអ្នកជំនាញប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍នានាក្នុងការស្វែងរកការងារធ្វើផងដែរ។
ចំណែកនិស្សិតឈ្មោះ ស៊ុង ជានា បានយល់ឃើញថា ភាគច្រើននិស្សិតមកពីតាមបណ្តាខេត្តឡើងមកសិក្សានៅភ្នំពេញ ពេលខ្លះពួកគេមិនបានដឹងពីព័ត៌មានឱកាសការងារទូលំទូលាយទេ ដូចនេះពិព័រណ៍ការងារគឺជាឱកាសផ្តល់ព័ត៌មាន និងមានជម្រើសការងារសម្បូរបែបដល់អ្នកស្វែងរកការងារធ្វើ។ និស្សិតរូបនេះក៏ចង់ឃើញពិព័រណ៍ការងារមានជារៀងរាល់ឆ្នាំ រឺ ពីរដងក្នុងមួយឆ្នាំ។
សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់៕