ព័ត៌មានជាតិ

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវចុះពិនិត្យការងារកែលម្អផ្លូវ ដែលខូចខាត ដោយជំនន់ទឹកភ្លៀង

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

តាកែវ៖ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារឈូសឆាយដី ដើម្បីកែលម្អផ្លូវជនបទ ក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៤ រួមមាន ភូមិថ្មកែវ ភូមិក្រាំងគរ ភូមិត្រពាំងរំពាក់ និងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលបានទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗកន្លងទៅនេះ។

ការកែលម្អផ្លូវ ១ ខ្សែនេះជាការឆ្លើយតបបន្ទាន់ ទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្រ្ដខាងលើ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រីបានធ្វើការណែនាំ និងចង្អុលបង្ហាញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឱ្យធ្វើការកែលម្អខ្សែផ្លូវខាងលើនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ដើម្បីធានាដល់ការធ្វើសកម្មភាពសេដ្ឋកិច្ចនានា របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ក៏បានសម្តែងនូវការអបអរសាទរ និងគោរពអរគុណជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោករដ្ឋមន្ត្រី ដែលតែងតែជួយដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុល កែលម្អបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងឡាយណា ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕

To Top