ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ ជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សូមបញ្ជាក់ថា នេះគឺជាការងារអាទិភាពទី២ និងទី៣ នៃការងារអាទិភាពចំនួន ៦ ក្នុងឆ្នាំ២០២៣ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ សំដៅបង្កើន ប្រាក់ចំណូល ការធានាលក្ខខណ្ឌ ការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករ និយោជិត និងក្រុមគ្រួសារ ៕

