ភ្នំពេញ ៖ ដោយតបទៅនឹងព្រះរាជសំណើរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោក Emmanuel MACRON ប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំងរបស់ខ្មែរ ស្ថិតនៅរាជធានីភ្នំពេញ ។
ការសន្យារបស់លោក ម៉ាក្រុងនេះ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២-១៨ វិច្ឆិកា ។ ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រកម្ពុជា បានជួបព្រះរាជសវនាការជាមួយលោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅវិមាន Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ ។
នាឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្តួចផ្តើមនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ព្រះមហាក្សត្រ ក៏បានសំដែងក្តីរំពឹងយ៉ាងខ្លាំងចំពោះគម្រោងនៃការសិក្សាការជួសជុល និងការពង្រីកសារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង , កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និងការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។
ជាកិច្ចឆ្លើយតបលោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។
លោក Emmanuel MACRON ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។
លោកប្រធានាធិបតី បានចាត់ទុកថាជោគជ័យនៃយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។ តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ប្រធានាធិបតីបារាំង បានសន្យាថា «នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង» ។
សេចក្តីប្រកាសបញ្ជាក់ទៀតថា កម្ពុជាមានឆន្ទៈទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី ។ ប្រធានាធិបតីបារាំង បានលើកទឹកចិត្តកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ។ ចំណែកព្រះមហាក្សត្រ មានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទកភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី។
ជាមួយគ្នានេះដែរ លោក Emmanuel MACRON បានយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់ក៏បានអញ្ជើញប្រធានាធិបតីបារាំង និងលោកស្រី ចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ លោកប្រធានាធិបតី ក៏បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម ៕