ភ្នំពេញ ៖ នៅថ្ងៃ១៦ វិច្ឆិកា ខាងមុខនេះ រដ្ឋសភា នឹងកំណត់ នូវកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។
ការកំណត់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១៤ វិច្ឆិកានេះ បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និង អនុម័តរបៀបវារៈមួយចំនួន។
ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅថ្ងៃ១៦ វិច្ឆិកា ដោយមានរបៀបវារៈ ចំនួន៤រួមមាន ៖
១-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
៣-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយ រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម។
៤-ការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យអនុម័ត លើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ច ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើស បេក្ខជនសមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មាត្រា៥ និងមាត្រា៦ ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងធ្វើការសម្របសម្រួល ជាមួយគណបក្ស នយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ៕