កំពង់ចាម ៖ រដ្ឋបាលខេត្តកំពងចាម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានរៀបចំបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៥ អាណត្តិ៣ ឆ្នាំ២០២៣ នៅបរិវេណមុខវត្ត សុវណ្ណគីរីជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ក្រោមអធិបតីភាព លោក ហៃ ងួនលី តំណាង លោក ខ្លូត ផន ប្រធានប្រធានក្រុមប្រឹក្សាខេត្ត និង លោក គន់ សុភា អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។
លោក ហៃ ងួនលី បានមានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម – អាណត្តិទី៣នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្តសមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
សូមបញ្ជាក់ដែរថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានចំនួន ៧សំណួរ និងសំណូមពរដែលនៅសេសសល់ ៦ ទៀត ត្រូវបានយកទៅ ពិភាក្សា ដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗ ៕