ភ្នំពេញ ៖ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានមើលឃើញថា ស្ថានភាពអ្នកលក់តាមដងផ្លូវតាមបណ្តារាជធានី-ខេត្ត នៅកម្ពុជានាពេលបច្ចុប្បន្ន មិនទាន់មានភាពងាយស្រួលសម្រាប់ការលក់ដូររបស់ពួកគាត់នៅឡើយទេ ។
ចំពោះស្ថានភាពមិនទាន់ល្អប្រសើរដល់អ្នកលក់ដូរតាមដងផ្លូវដូចជា ៖ គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន (ទារកដ្ឋាន) ទទួលនូវការបៀតបៀនគ្រប់ពីអ្នកពាក់ព័ន្ធនានា ព្រមទាំងជួបប្រទះការប្រកួតប្រជែង និងការបាត់បង់មុខរបរ ។
លោក វន់ ពៅបញ្ជាក់ថា “ស្ថានភាពអ្នកលក់ដូរនៅរាជធានីភ្នំពេញក៏ដូចជានៅខេត្តមានស្ថានភាពប្រហាក់ប្រហែលគ្នាទេ ព្រោះឥឡូវប្រាក់ចំណូលកំពុងធ្លាក់ចុះ ។ ម្យ៉ាងទៀតតំបន់ទេសចរណ៍ក៏មិនទាន់រៀបរយសម្រាប់ឲ្យអ្នកលក់ដូរតាមដងផ្លូវក្នុងការងាយស្រួលប្រកបមុខរបរអាជីវកម្មនៅឡើយទេ”។
លោកបានឲ្យដឹងទៀតថា ម្យ៉ាងទៀតចំនួនអ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ នៅពុំទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយអំពីចំនួនតួលេខច្បាស់លាស់ពីសំណាក់ស្ថាប័នពាក់ព័ន្ធណាមួយនៅឡើយ ។
ការលើកឡើងរបស់លោក វន់ ពៅដែលជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ស្របពេលទៅនឹងទិវាអន្តរជាតិអ្នកលក់តាមដងផ្លូវលើកទី១១ នាថ្ងៃ១៤ វិច្ឆិកានេះ ប៉ុន្តែជាក់ស្តែងទិវានេះ នឹងប្រារព្ធធ្វើឡើងនាថ្ងៃ១៥ វិច្ឆិកាស្អែក ។ ទិវាអន្តរជាតិអ្នកលក់តាមដងផ្លូវត្រូវបានប្រារព្ធឡើងចំនួន១១ដងមកហើយចាប់តាំងពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១២ ដែលពិភពលោកបានប្រារព្ធ។ ជាមួយគ្នានេះ កម្ពុជាក៏បានប្រារព្ធចំនួន៩ដងមកហើយតាំងពីឆ្នាំ២០១៥ ។
អ្នកលក់ដូរតាមដងផ្លូវ គឺជាកំលាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៏ដែលបានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិដ៏សំខាន់ និងបានស្រូបយកកំលាំងពលកម្មទូទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន។
ប៉ុន្តែសម្រាប់អ្នកលក់ដូរតាមដងផ្លូវក៏ដូចជាកម្មករដទៃទៀតដែរ គឺរាជរដ្ឋាភិបាលកម្ពុជាបានចេញច្បាប់គោលនយោបាយ និងយុទ្ធសាស្រ្តជាតិនានាផងដែរដូចជា៖
ច្បាប់ស្ដីពីរបបសន្តិសុខសង្គមបានចេញឲ្យប្រើប្រាស់នៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៩ បានពង្រីកវិសាលភាពអនុវត្តទៅលើបុគ្គលស្ថិតនៅក្នុងវិស័យសាធារណៈ , បុគ្គលទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និង បុគ្គលស្វ័យនិយោជន៍។
ក្នុងនោះ សេចក្ដីសម្រេចស្ដីពីការដាក់ឲ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ ចេញដោយក្រសួងការងារ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។ យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ព្រមទាំងសេចក្តីណែនាំស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២៣៕