ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ៖ ជំនាញបច្ចេកទេសវិជ្ជាជីវៈ ជួយឱ្យយុវជន ឆាប់មានការងារធ្វើ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យក​ឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែក របស់យុវជនបានកាន់តែទូលំទូលាយ ក្នុង​ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ទោះបីជាកំពុងមានការងារធ្វើក៏ដោយ។

ការបញ្ជាក់របស់លោក ហេង សួរ ដូចនេះគឺនៅក្នុងពិធី ប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ បុគ្គ​ល​​ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ។

លោក ហេង សួរ បានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយ​របស់រាជរដ្ឋាភិបាល សំដៅ​អភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាច​ឆ្លើយតប​ បាន​ទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់​កំណើ​ន​​សេដ្ឋកិច្ច​ប្រកប​ដោយចីរភាព ​បរិយាបន្ន សមធម៌ និងភាព​ធន់នឹងវិបត្តិ ទាំងចំពោះ​មុខ និងទាំងអនា​គត។ ចំពោះការប្រកាសអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅពេលនេះ គឺសម្រាប់ ក្រុមគោលដៅ​យុវ​ជន​​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅ​ទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយអាច​​ចូលរៀនេះវគ្គជំនាញមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។

លោករដ្ឋមន្រ្តី ហេង សួរ ចាត់ទុកថាកម្មវិធីបណ្តុះបណ្តាលនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជន ជាក្រុម​គោលដៅឱ្យ​ចេះ​​​​​ស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ ដល់ក្រុមគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ ដែល​រាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថា កំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។

សូមបញ្ជា្កក់ថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពី​ពេលនេះ​តទៅ តាមរយៈ (១). ប្រព័ន្ធឌីជីថល ដោយ​ខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅ​ចុះឈ្មោះផ្ទាល់នៅតាមបណ្តា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ, មន្ទី​រ​ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត ចំនួន ១៤, និងមជ្ឈមណ្ឌលការងារចល័ត​ចំនួន ៥។​ ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន គឺត្រូវតែជាសិស្សដែល​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ,​ មានអាយុចាប់ពី ១៥ឆ្នាំឡើង, និង​មានបណ្ណ​សមធម៌ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ។ ចំពោះអត្ថប្រយោជន៍វិញ សិស្សនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន​ ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕

To Top