ព័ត៌មានជាតិ

អង់គ្លេស មានមោទកភាព យ៉ាងខ្លាំង ចំពោះភាពក្លាហាន របស់កងទ័ពមួកខៀវកម្ពុជា

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យអនុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំកម្ពុជា បានបង្ហាញមោទកភាពយ៉ាងខ្លាំង ចំពោះភាពក្លាហាន របស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមក្នុងវិស័យរក្សាសន្តិភាព ជាពិសេសកិច្ចសហប្រតិបត្តិការ បោសសម្អាតមីន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។

ការបង្ហាញមោទកភាពរបស់ នាយការិយាល័យអនុព័ន្ធយោធាអង់គ្លេសថ្មី ធ្វើឡើងក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករង នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្នុងបេសកកម្ម UNTAC មកកម្ពុជា នាឆ្នាំ១៩៩១-១៩៩៣ និងបានពលីនូវយុទ្ធជនម្នាក់ផងដែរ។

លោកឧត្តមសេនីយ៍ទោបន្តថា បន្ទាប់ពី១៣ឆ្នាំក្រោយ នៃការទទួលកម្លាំងរក្សាសន្តិភាព អសប កម្ពុជា​ បានក្លាយជាប្រទេសបញ្ជូនកម្លាំងមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ គិតចាប់ពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំង នៃកងយោធពលខេមរភូមិន្ទ ទៅ១០ប្រទេស ក្នុង១២បេសកកម្ម សរុបចំនួន ៩២០៧នាក់ នារី ៧២៩នាក់ ខណៈបច្ចុប្បន្នកម្លាំង ៨៤៨ នាក់ ស្រី ១៤៤ នាក់ កំពុងបំពេញបេសកកម្មនៅ ៥ប្រទេស ដូចជា សាធារណរដ្ឋស៊ូដង់ខាងត្បូង ម៉ាលី លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ។

ជាមួយគ្នានោះវរសេនីយ៍ឯក Eddie Maskell-Pedersen បានលើកឡើងថា លោកធ្លាប់ជាជួបពិភាក្សាការងារជាមួយ អង្គការសហប្រជាជាតិ និងបានយល់កាន់តែស៊ីជម្រៅអំពី ហានិភ័យនៃប្រតិបត្តិការរក្សាសន្តិភាព នៅតាមតំបន់បេសកកម្ម ។ លោកមានមោទនភាពយ៉ាងខ្លាំង ចំពោះភាពក្លាហាន នៃកងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមក្នុងវិស័យរក្សាសន្តិភាព ជាពិសេសកិច្ចសហប្រតិបត្តិការ បោសសម្អាតមីន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហាញពីការគាំទ្រ និងចង់ជួយកម្ពុជាឱ្យសម្រេចបានជោគជ័យ ក្នុងគម្រោងកម្ពុជាគ្មានមីន ក្នុងឆ្នាំ២០២៥។

ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោ បានស្នើសុំដល់ភាគីចក្រភពអង់គ្លេស ជួយផ្តល់វគ្គហ្វឹកហ្វឺនវែង-ខ្លីបន្ថែម ទៅលើជំនាញបោសម្អាតមីន ភាសា ការបញ្ជា Drones រួមទាំងការផ្លាស់ប្តូរ ទស្សនកិច្ច រវាងប្រទេសទាំងពីរផងដែរ ។ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen រីករាយនឹងទទួលយក សំណើខាងលើ ដើម្បីរាយការណ៍ ជូនថ្នាក់ដឹកនាំចក្រភពអង់គ្លេស ៕

To Top