ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ជំរុញសមាគមមិត្តនគរបាល ឱ្យ​ធ្វើសកម្មភាព ជាគុណប្រយោជន៍ ដល់នគរបាលជាសមាជិក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញសមាគម មិត្តនគរបាលកម្ពុជា ត្រូវធ្វើសកម្មភាព ជាគុណប្រយោជន៍ ដល់នគរបាលជាសមាជិក ព្រមទាំងបំពេញតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ។

ក្នុងពិធីបិទមហាសន្និបាត របស់សមាគមមិត្តនគរបាលកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា «សូមវាយតម្លៃខ្ពស់ ចំពោះការបំពេញ តួនាទីភារកិច្ច អស់រយៈពេលអាណត្តិទី៤ កន្លងទៅ របស់សមាគម មិត្តនគរបាលកម្ពុជា។ ទន្ទឹមនេះ ដើម្បីបំពេញ តួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត សូមលើកទឹកចិត្តដល់គណៈកម្មាធិការ កណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារ ដឹកនាំ និងដោះស្រាយបញ្ហា ដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ចំពោះអង្គការចាត់តាំង តាមអង្គភាពនីមួយៗ ចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេស តាមអគ្គនាយកដ្ឋានដែលទើបបង្កើតថ្មី»។

ដើម្បីលើកកម្ពស់កិត្តិយស មន្ត្រីនគរបាលជាតិ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញដល់គណៈកម្មាធិការអាណត្តិថ្មី ឱ្យពិចារណាបង្កើតក្រុមការងារ ឬអនុគណៈកម្មាធិការ រៀបចំពិធីបុណ្យសព នៅតាមគណៈកម្មាធិការ មូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យ ឱ្យបានសមរម្យ ។ ដូចគ្នាដែរ ថវិការសម្រាប់ឧបត្ថម្ភ ដល់នគរបាលជាតិ ជាសមាជិក របស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ ជូនក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយពេលយូរ ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ដោយឡែក ចំពោះការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការនិពន្ធទស្សនាវដ្ដីមិត្តនគរបាល សូមបន្តបង្កើន ការយកចិត្តទុកដាក់ សម្រិតសម្រាំង ទាំងរូបភាព និងខ្លឹមសារអត្ថបទ ឱ្យបានកាន់តែល្អទ្វេរដង ក៏ដូចជាពង្រីកការ ចុះផ្សាយសកម្មភាព ដែលបានចុះ ផ្ដល់ថវិការឧបត្ថម្ភ និងការជួយរៀបចំពិធីបុណ្យសពផងដែរ ។ រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល សមាគមមិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅ ធ្វើទំនើបកម្ម គ្រប់គ្រងឯកសារ របស់សមាជិក សមាជិកាតាមប្រព័ន្ធឌីជីថល ដោយមិនអាចនៅបន្តប្រតិបត្តិការ តាមបែបប្រពៃណីទៀតឡើយ ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា អំពាវនាវដល់បណ្ដាសប្បុរសជន គ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឱ្យសមាគមនេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត នាពេលបច្ចុប្បន្ននិងអនាគត។

សូមបញ្ជាក់ថា មហាសន្និបាត បានបោះឆ្នោតជូន នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាប្រធាន និង បោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តជូន លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស ៕

To Top