ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពីការកែសម្រួលសេចក្ដីជូនដំណឹងលេខ ១០៣/២៣ សជណ.ច ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឈកោះពេជ្រ ។
នៅរាត្រីថ្ងៃទី១៤វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “ចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគ្រោងនឹងរៀបចំនៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបានលើកទៅរៀបចំនៅរសៀលថ្ងៃដដែល”។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាន នូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាក ចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍ កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១០:០០នាទី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធី”៕
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-14_19-54-48-721x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-14_19-54-51-722x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-14_19-54-55-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)