ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ស្នាដៃការងារដ៏ធំមួយ របស់រាជបណ្ឌិត្យសភាកម្ពុជា ទើបសម្រេចបាននាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-15_09-07-29-1024x576.jpg)
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការខិតខំ សម្រេចបាននូវសមិទ្ធផល ការងារជាច្រើននាពេលកន្លងមក ជាពិសេសការងារសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្តសង្គម និងការរៀបចំសនិ្នសិទ សិក្ខាសាលា និងវេទិកាជាច្រើនទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា «ស្នាដៃការងារដ៏ធំមួយដែលរាជបណ្ឌិត្យសភាកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន»។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-15_09-07-41-1024x518.jpg)
លោកឧបនាយករដ្ឋមន្ត្រី ប្រចាំការបន្ដថា តាមរយៈបេសកកម្ម និងភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ស្នាដៃនៃការសិក្សាស្រាវជ្រាវ របស់រាជបណ្ឌិត្យសភាកម្ពុជា មានសក្តានុពលរួមចំណែក ដល់ការកំណត់ចក្ខុវិស័យ របស់ប្រទេស និងការរៀបចំគោលនយោយបាយនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការអភិវឌ្ឍធនធាន មនុស្សកម្រិតខ្ពស់ និងការអប់រំខាងផ្នែកសង្គម សីលធម៌ ចរិយាធម៌ ជាពិសេសការថែរក្សា អត្តសញ្ញាណជាតិ នៅក្នុងបរិការណ៍សកលភាវូបនីយកម្ម។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-15_09-07-46-1024x558.jpg)
លោកក៏បានផ្តល់ការណែនាំថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ត្រូវរៀបចំផែនការអភិឌ្ឍន៍ស្ថាប័ន (IDP) របស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងមានសមត្ថភាព និងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាព (Center of Excellence) ទាំងសមត្ថភាពធនធានមនុស្ស និង ធនធានហិរញ្ញវត្ថុ ហើយអាចបំពេញ តួនាទីជាផ្នែកមួយ នៃធនាគារខួរក្បាល របស់ប្រទេសជាតិ និងអាចប្រមូលបាននូវកម្លាំងបញ្ញាញាណ របស់ជាតិកាន់តែច្រើនថែមទៀត។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-15_09-07-51-1024x531.jpg)
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែ នាំមួយចំនួន ដើម្បីតម្រង់ទិសនៃ ការសិក្សាស្រាវជ្រាវ របស់រាជបណ្ឌិត្យសភាកម្ពុជារៀបចំឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃ ស្រាវជ្រាវឲ្យកាន់តែទូលំទូលាយ និងអាចយកមកប្រើប្រាស់ ជាគុណប្រយោជន៍ នៃការអភិឌ្ឍប្រទេសជាតិ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)