ព័ត៌មានជាតិ

ទូកង៣៣៨ និងប្រទីប៣០ នឹងចូលរួមប្រកួតនាថ្ងៃអុំទូក

ភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ២៦-២៧-២៨ វិច្ឆិកា ខាងមុខនេះ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំងនឹងទូកចំនួន ៣៣៨ទូក និងប្រទីបចំនួន៣០ នឹងចូលរួមប្រណាំង និងបណ្តែត។នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ១៥ វិច្ឆិកា ។

នាឱកាសដ៏វិសេសវិសាលនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី ២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។

គួរឲ្យដឹងថា ក្នុងចំណោមទូកទាំង៣៣៨នេះ មានទូកអុំចំនួន១៥៨ទូក , ទូកចែវបុរស៤២ទូក , ទូកចែវនារី១ទូក , ទូកខ្នាតអន្តរជាតិបុរសចំនួន១៣៥ទូក គឺនារី ២ទូក , ដោយមានចំណុះទូកសរុបទាំងអស់ចំនួន២០៤៤នាក់ មកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប២៥។
សម្រាប់ឆ្នាំ២០២៣នេះដែរ ប្រទីបចំនួន៣០ ក្នុងនោះមកពីក្រសួង និងស្ថាប័នរដ្ឋចំនួន២៨ និងប្រទីបវិស័យឯកជនចំនួន២ នឹងធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ៕

To Top