ព័ត៌មានជាតិ

មហាសន្និបាតរណសិរ្សសាមគ្គី អំពាវនាវជនរួមជាតិ បន្ដរួមគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗ ថែមទៀត

រូបភាពពី៖​ STPM

ភ្នំពេញ ៖ អង្គមហាសន្និបាតរណសិរ្សសាមគ្គី បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់មជ្ឈដ្ឋានសង្គម បន្ដរួមសាមគ្គីគ្នាជាធ្លុងមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗ និងថ្មីៗថែមទៀត។ នេះបើយោងតាមសេចក្តីសម្រេចចិត្ត មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦។

អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ បានដំណើរការអស់រយៈពេលមួយព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករង ព្រះរាជាគណៈគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ព្រមទាំង តំណាងអង្គការ សមាគមនានា ដែលជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្ស និងភ្ញៀវកិត្តិយសសរុបចំនួន ជាង ៥០០ អង្គ/នាក់។

នាឱកាសនោះ អង្គមហាសន្និបាតបញ្ជាក់ថា «សូមអំពាវនាវដល់ជនរួមជាតិទាំងមូល និងគ្រប់មជ្ឈដ្ឋានសង្គម សូមបន្តរួមសាមគ្គីគា្នជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗថែមទៀត ក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងនៅលើសកលលោក»។

សូមបញ្ជាក់ថា អង្គមហាសន្និបាត បានអនុម័តជ្រើសតាំង សម្តេច ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី, សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាគណៈអធិបតីកិត្តិយស, សម្តេច ម៉ែន សំអន ជាប្រធាន និងលោក ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឥសរ្សជន ចំនួន ៤៤អង្គ/នាក់ ផ្សេងៗទៀត៕

To Top