ព័ត៌មានជាតិ

ខ្ញីហាន់រួច២៥០គីឡូ ត្រូវបានរកឃើញ មានផ្ទុកសារធាតុ គីមីហាមឃាត់

ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរកឃើញខ្ញីហាន់រួច ចំនួន២៥០គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ។ ការរកឃើញនេះនៅទីតាំង១កន្លែង ក្នុងចំណោមទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

១កន្លែងដែលក្រុមមន្រ្តីជំនាញ បានរកឃើញក្នុងប្រតិបត្តិការនេះ គឺមានសារធាតុគីមីគ្មានស្លាកសញ្ញាជាម្សៅស ចំនួន៨៥ គីឡូក្រាម និងសាជូរចំនួន២៨បាវ ស្មើនឹង ៨៣០គីឡូក្រាមសម្រាប់យកទៅប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។

ក្រោយរកឃើញ ជាវិធានការ មន្ត្រីជំនាញ បានដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ៨៥គីឡូក្រាម យកមករក្សាទុកជា បណ្តោះអាសន្ន នៅសាខា ក.ប.ប. រាជធានីភ្នំពេញ ។ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រចំនួន ៣ធុង សរុបប្រមាណ ២៥០គីឡូក្រាម ។ ឃាត់ជាបណ្តោះអាសន្ន នៅនឹងកន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គីឡូក្រាម ដើម្បីតាមដានអំពីគោលដៅ ប្រើប្រាស់ និង ត្រូវមានច្បាប់អនុញ្ញាត ក្នុងករណីប្រើជាសារធាតុបន្ថែមក្នុងម្ហូបអាហារ និងបានយកគំរូទៅវិភាគ នៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ក្នុងករណីរកឃើញមានសារធាតុគីមីហាមឃាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ ។

តាមការវិភាគបឋមទៅលើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាង មានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមី មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ។ ការទទួលទានផលិតផលម្ហូបអាហារ ដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឲ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន៕

To Top